យោងតាមតុល្យការថ្មីមួយថា ការរញ្ជួយដីខ្លាំងមួយមានកម្លាំង៧,៥រីស្ទ័រ កើតមានកាលពីថ្ងៃទី២៦ តុលា នៅអាស៊ីខាងត្បូង បណ្តាលឱ្យមនុស្សស្លាប់ជិត៣០០នាក់ នៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងនោះមានសិស្សសាលាអាហ្វហ្គានីស្ថាន១២នាក់ស្លាប់ ដោយរត់ជាន់គ្នាពេលរត់ចេញពីសាលា ។
ក្រៅពីអ្នកស្លាប់ មនុស្សជាច្រើនពាន់នាក់ទៀតរងរបួសដោយសារការរញ្ជួយនេះ ដែលមានរយៈពេលវែងជំរុញឱ្យប្រជាជនផ្អើលរត់មកកាន់តាមដងវិថីនៅប្រទេសឥណ្ឌា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងតាហ្ស៊ីគីស្ថាន ។
យោងតាមវិទ្យាស្ថានភូគម្ពសាស្ត្រអាមេរិក USGS ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅ JURM ក្នុងតំបន់ភ្នំដាច់ស្រយាលនៃខេត្តបាដាក់ស្ថានចុងភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ហើយមានជម្រៅ២១៣,៥គីឡូម៉ែត្រ ។
ក្នុងប្រទេសអាហ្វហ្គានីស្ថានតុល្យការផ្លូវការមួយរៀបរាប់ពីមនុស្សស្លាប់៦៣នាក់ ក្នុងនោះ៣០នាក់នៅ KUNAR ដែលនៅទីនោះផ្ទះប្រមាណជា១.៥០០ខ្នង រងការបំផ្លាញ១០នាក់ស្លាប់នៅ NANGARHAR ៩នាក់នៅបាដាក់ឦសាន ២នាក់នៅខេត្តបាក់ឡាន ហើយសិស្សសាលា១២នាក់ជាន់គ្នាស្លាប់នៅ TAKHAR ។ អាជ្ញាធរអះអាងថា តួលេខនោះអាចមានខ្ពស់ជាងនេះទៀត ។
តុល្យការដំបូងៗនៃជនរងគ្រោះនៅប្រទេសប៉ាគីស្ថានជិតខាងមនុស្សស្លាប់មានយ៉ាងតិច២១៤នាក់ ហើយមនុស្ស១.៨០០នាក់រងរបួសពិសេសនៅភាគពាយ័ព្យប្រទេស ។
កាលពី១០ឆ្នាំមុន គឺនាថ្ងៃទី៨ តុលា ឆ្នាំ២០០៥ នៅប៉ាគីស្ថានមានការរញ្ជួយដីកម្លាំង៧,៦រីស្ទ័រមួយ ដែលចំណុចកណ្តាលរបស់វាស្ថិតនៅជាច្រើនរយគីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី២៦ តុលា បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅជាង៧៥.០០០នាក់ ក៏ប៉ុន្តែចំណុចកណ្តាលនៃការរញ្ជួយដីនោះមានជម្រៅរាក់ជាងការរញ្ជួយដីថ្មីទើបមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត ។
កងទ័ពប៉ាគីស្ថានត្រូវបានកេណ្ឌប្រមូលសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ ។ គ្រប់មន្ទីរពេទ្យយោធាស្ថិតក្នុងស្ថានភាពអាសន្ន ហើយកងទ័ពបានបញ្ជូនបណ្តាឧទ្ធម្ភាគចក្រ និងបណ្តាឧបករណ៍ចាំបាច់នានាសម្រាប់ការសង្គ្រោះ ។
ប្រមុខខេត្ត KHYBER PAKHTUNKHWA ភាគពាយ័ព្យប៉ាគីស្ថានជាខេត្តមួយក្នុងចំណោមខេត្តរងការប៉ះពាល់ខ្លាំងដោយការរញ្ជួយដីនេះអះអាងថា តុល្យការជនរងគ្រោះអាចមានខ្ពស់ជាងនេះទៀត ។ អភិបាលខេត្តរូបនេះ លោក PERVEZ KHATTAK គូសបញ្ជាក់ថា ខេត្តទាំងមូលស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ហើយបណ្តាមន្ទីរពេទ្យក៏ដូច្នោះដែរ ។
យោងតាម USGS ថា ការរញ្ជួយដីដែល បំផ្លាញផ្ទះជាច្រើនរយខ្នងមានរយៈពេលដល់យ៉ាងតិច១នាទីឯណោះ ហើយមានការញ័ររញ្ជួយមួយបន្ទាប់មកទៀតមានកម្លាំង៤,៨រីស្ទ័រ។
ទោះបីយ៉ាងណា អ្នកទទួលខុសត្រូវម្នាក់នៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិប៉ាគីស្ថាននិយាយថា យើងសង្ឃឹមថា ចំនួនជនរងគ្រោះនឹងមានតិចជាងកាលពីឆ្នាំ២០០៥ ព្រោះចំណុចកណ្តាលនៃការរញ្ជួយដីលើកនេះស្ថិតនៅជ្រៅខ្លាំង ។
នៅអាហ្វហ្គានីស្ថាន នាយករដ្ឋមន្ត្រីលោកអាប់ឌុលឡាហ៍ អាប់ឌុលឡាហ៍ លើកឡើងពីការបាត់បង់ជីវិតមនុស្ស និងសម្ភារយ៉ាងច្រើន ពិសេសនៅភាគពាយ័ព្យប្រទេស ។ តួលេខនៅពុំទាន់ដឹងប្រាកដនៅឡើយ ព្រោះបណ្តាញគមនាគមន៍ត្រូវដាច់ ។ ក្រៅពីទីនោះជាតំបន់ភ្នំ បណ្តាភូមិដាច់ស្រយាលក៏រងការប៉ះពាល់នៅខេត្ត BADAKHSHAN ជិតខាង ។ ទីនោះពួកឧទ្ទាមតាលីបង់បានប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលដែលធ្វើឱ្យសភាពការណ៍សន្តិសុខមានអស្ថេរភាពយ៉ាងខ្លាំង ។
នៅប្រទេសឥណ្ឌាមេត្រូក្រុងញូវដែល្លីបានផ្អាកសេវាកម្មបណ្តោះអាសន្ន ។ ប្រជាជនច្រើនពាន់នាក់ដែលផ្អើលបានរត់មកកាន់តាមដងវិថីនៅទីក្រុងស្រុីណាហ្គាជាទីក្រុងសំខាន់នៃតំបន់កាស្មៀរឥណ្ឌាជាប់ព្រំដែនប៉ាគីស្ថាន ។
ការរញ្ជួយដីនេះញ័ររង្គើរហូតដល់អាស៊ីកណ្តាល ពិសេសនៅក្រុងឌូសាន់បេ រដ្ឋធានីតាហ្ស៊ីគីស្ថាន ដែលនៅទីនោះមនុស្សជាច្រើនផ្អើលចាកចេញពីការិយាល័យ និងផ្ទះ ៕





ចែករំលែកព័តមាននេះ