រាជធានីភ្នំពេញ ៖ ចោរប្លន់ម្នាក់ក្នុងចំណោម៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធខណ្ឌសែនសុខចាប់ខ្លួន កាលវេលាម៉ោង១១ និង៥នាទីយប់ ថ្ងៃទី២៦ តុលា ២០១៥ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្បែរក្រុមហ៊ុនBMW ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាក scoopy ពណ៌សលាយក្រហមគ្មានស្លាកលេខ។
ជនសង្ស័យនេះមានឈ្មោះតូ ទុំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិប៉ប្រ៉ក ខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ចំណែកជនរងគ្រោះឈ្មោះយ៉ូន ដា ភេទប្រុស អាយុ18ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៍មានពីសមត្ថកិច្ចកងរាជអាវុធបានឲ្យដឹងថា ជនរងគ្រោះ និងមិត្តភក្តិបានជិះម៉ូតូចេញពីក្លិបមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនមិនស្គាល់មុខចំនួនបីនាក់រត់មកវាយជនរងគ្រោះ។ ប្រភពបានបន្តថា ដោយសារតែជនដៃដល់ជាក្រុមចោរមានគ្នាច្រើនជនរងគ្រោះបានរត់ចេញពីម៉ូតូ ជនល្មើសក៏ស្ទុះទៅយកម៉ូតូឡើងជិះទៅបាត់តែម្ដង។
ក្នុងហេតុការណ៍នេះដែរកងរាជអាវុធដែលល្បាតទីនោះបានចេញអន្តរាគមន៍ និងក្របួចបានក្រុមចោរម្នាក់ ឯ២នាក់ទៀតយកម៉ូតូជនរងគ្រោះជិះទៅបាត់៕
ចែករំលែកព័តមាននេះ