រាជធានីភ្នំពេញ ៖ តាមរយៈសនិ្នសីទកាសែតដែលបានធ្វើឡើងនៅផ្សារទំនើបអីុអនម៉ល កាលពីល្ងាចថ្ងៃទី២៦ តុលា កន្លងមកនេះឱ្យដឹងថា ព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ Toyota Mekong Club ឆ្នាំ២០១៥នេះ មានបណ្ដាប្រទេសនៅតាមតំបន់ទន្លេមេគង្គចំនួន៥ចូលរួម ក្នុងនោះមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ។
ព្រឹតិ្តការណ៍នេះតម្រូវយកតែក្រុមខ្លាំងប្រចាំលីកនៅតាមបណ្ដាប្រទេសនីមួយៗប៉ុណ្ណោះ។ ចំណែកក្រុមបឹងកេតអង្គរអេហ្វស៊ី ដែលមានពិន្ទុច្រើនជាងគេប្រចាំលីកកម្ពុជាត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតតំណាងប្រទេស ។
ការប្រកួតជាផ្លូវការថ្ងៃបើកឆាកដំបូងក្រុមបឹងកេតអង្គរអែហ្វស៊ី ត្រូវជួបប្រកួតជាមួយក្រុមLao Toyota FC ដែលជាក្រុមខ្លាំងប្រចាំលីកកំពូលប្រទេសឡាវនៅថ្ងៃទី១ វិច្ឆិកា នៅលើទឹកដីប្រទេសឡាវ ។ បន្ទាប់មកក្រុម Lao ToyotaFC ត្រូវជួបប្រកួតជាលើកចុងក្រោយជាមួយក្រុម Yangon United របស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២២ វិច្ឆិកា នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា និងការប្រកួតវគ្គជម្រុះលើកចុងក្រោយបង្អស់ក្រុមបឹងកេតអង្គរអែហ្វស៊ី ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ដើម្បីស្វាគមន៍ក្រុម Yangon United របស់មីយ៉ាន់ម៉ាវិញម្ដង ។ ការប្រកួតជម្រុះរវាងក្រុមទាំង៣ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ានេះ គឺដើម្បីស្វែងរកក្រុមដែលមានពិន្ទុច្រើនជាងគេឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុម Becamex Binh Duong FC របស់ប្រទេសវៀតណាម ។ ក្រុមឈ្នះការប្រកួតក្នុងជុំទី២នេះ ទើបមានឱកាសឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមប្រទេសថៃនៅថ្ងៃទី២០ ធ្នូ នៅពហុកីឡដ្ឋានSupachalasai Stadiyum នៅក្នុងទីក្រុងបាងកក ។ ប៉ុន្តែក្រុមប្រទេសថៃនៅមិនទាន់ដឹងថា ក្រុមមួយណានោះទេ ព្រោះកំពុងតែប្រកួតគ្នារវាងក្រុមSisaket និងក្រុមBoriram FC ។ ក្រុមប្រទេសថៃទាំងនេះ ប្រកួតគ្នារកអ្នកឈ្នះសម្រាប់ឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមដែលឈ្នះការប្រកួតក្នុងជុំទី២ ដណ្ដើមពាន Toyota Mekong Club2015 ។
ចំណែកប្រាក់រង្វាន់អ្នកឈ្នះជើងឯកទទួលបាន៧៥.០០០ដុលារ ជើងឯករងទទួលបាន៥០.០០០ដុល្លារ លេខ៣ទទួលបាន៣០.០០០ដុល្លារ លេខ៤ទទួលបាន១០.០០០ដុល្លារ និងលេខ៥ទទួលបាន៥.០០០ដុល្លារ។ គួររំលឹកផងដែរថា នេះគឺជាលើកទី២ហើយដែលព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Toyota Mekong Club បានរៀបចំធ្វើដែលកាលពីឆ្នាំ២០១៤មានប្រទេសចំនួន៤ចូលរួម ។ កាលណោះក្រុមប្រទេសវៀតណាម Becamex Binh Duong ឈ្នះពានជើងឯកក្រោយពីផ្ដួលក្រុមមីយ៉ាន់ម៉ា Ayeyawady United FC ក្នុងលទ្ធផល៤-១នៅវគ្គផ្ដាច់ព្រ័ត្រ ។ ចំណែកកម្ពុជាដែលមានក្រុមភ្នំពេញក្រោនទៅចូលរួមទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយពីយកឈ្នះក្រុមឡាវHoang Anh Attapeu ក្នុងលទ្ធផល២-០ ។
លោកឃួន ឡាបូរ៉ាវី ប្រធានក្រុមបឹងកេតអង្គរអែហ្វស៊ីមិនរំពឹងថាបានលើកពាននោះទេ ប៉ុន្តែលោកមានជំនឿចិត្ត៨០% ក្នុងការយកឈ្នះនៅវគ្គប្រកួតជម្រុះក្នុងពូល ។ លោកគល់ សុផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងការអភិវឌ្ឍកីឡាបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើន ជាពិសេសការបណ្ដុះថ្នាលយុវជនកីឡាបាល់ទាត់តែម្ដង ។
លោកម៉ាសាអាគី កាវ៉ាបាកា អគ្គនាយកក្រុមហ៊ុនតូយ៉ូតាបានថ្លែងឱ្យដឹងថា គោលបំណងរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Toyota Mekong Club នេះឡើង គឺដើម្បីជួយបង្កើនជីវភាពរស់នៅរបស់សហគមន៍ និងការកសាងសហគមន៍ឱ្យកាន់តែប្រសើរ ។ កីឡាបាល់ទាត់ត្រូវបានគេទទួលស្គាល់ថាផ្ដល់នូវសាមគ្គីភាព មិត្តភាព និងជួយអ្នករាល់គ្នាសម្រេចគោលដៅ ។ នេះជាមូលហេតុដែលក្រុមហ៊ុនតូយ៉ូតា នៅតែបន្តគាំទ្រនិងបង្កើតការប្រកួតពានរង្វាន់Toyota Mekong Club នេះឡើងជាលើកទី២៕


ចែករំលែកព័តមាននេះ