រាជធានីភ្នំពេញ ៖ ក្រោយការពិនិត្យយ៉ាងម៉ត់ចត់ កីឡាករ ថៃ ប៊ុនហាន ត្រូវបានគ្រូពេទ្យអះអាងថា ដៃដែលមានរបួសកាលពីយប់ថ្ងៃទី២៤ តុលា នោះ គឺពិតជាមានសភាពបាក់ឆ្អឹងប្រាកដមែន ។ ស្ថានភាពនេះ នឹងធ្វើឲ្យគេបាត់បង់ការប្រកួតលើកចុងក្រោយក្នុងព្រឹត្តិការណ៍ជើងឯក Fiffy នៅសប្ដាហ៍ក្រោយ និងត្រូវសម្រាកការប្រដាល់យ៉ាងហោចក៏៣ខែដែរ។
យោងតាមការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅ នៅប៉ុស្ដិ៍លេខ៥ក្នុងបរិវេណសង្វៀនប្រដាល់ជ្រោយចង្វា កីឡាករថៃ ប៊ុនហាន ត្រូវបានគ្រូពេទ្យបញ្ឈប់ការប្រដាល់ភ្លាមៗ បន្ទាប់ពីកីឡាករ វ៉ាន់ ចាន់វ៉េត ទាត់ត្រូវប៉ុន្មានជើងដោយកម្លាំង ហើយបណ្ដាលឲ្យរងរបួសដៃឆ្វេង ។ ក្នុងពេលកើតហេតុភ្លាមៗ ក្រុមគ្រូពេទ្យបានអះអាងថា ឆ្អឹងដៃរបស់ ថៃ ប៊ុនហាន អាចនឹងបាក់ ឬភ្លាត់ត្រង់សរសៃណាមួយ បន្ទាប់ពីមានសភាពចុកចាប់ខ្លាំង ។ យ៉ាងណាក៏ដោយ នៅសប្ដាហ៍នេះ ក្រោយការស្គែនមើលដោយពេទ្យជំនាញ គឺឆ្អឹងកំភួនដៃពិតជាបាក់ ដែលទាមទារឲ្យមានការសម្រាកព្យាបាល ។ យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា សភាពរបួសនេះមិនបណ្ដាលឲ្យប៉ះពាល់ដល់អាជីពប្រដាល់របស់កីឡាកររូបនេះនោះទេ ប្រសិនបើ ថៃ ប៊ុនហាន ទទួលការព្យាបាលតាមការកំណត់ ។
លោក សេង កដិកា អ្នករៀបចំការប្រដាល់ប្រចាំនៅប៉ុស្តិ៍លេខ៥ បានអះអាងថា កីឡាករថៃ ប៊ុនហាន មិនមែនគ្រាន់តែបាត់បង់ការប្រកួតលើកចុងក្រោយជាមួយកីឡាករ ឈាន ហុង នៅយប់ថ្ងៃសៅរ៍ ទី៧ វិច្ឆិកា នោះទេ គឺនឹងត្រូវបាត់បង់ការប្រកួតមិនក្រោម៣ខែក្រោយការព្យាបាលនោះផង ។ លោកថា ការបាក់ដៃរបស់កីឡាកររូបនេះកើតឡើងនៅក្នុងបរិបទដែលទីផ្សារការប្រដាល់របស់គេមានភាពមមាញឹក ដែលទាមទារឲ្យគេលុបចោលនូវការប្រកួតជាច្រើនដែលបានគ្រោងទុក ។ ជាក់ស្ដែងគ្រាន់តែនៅប៉ុស្ដិ៍លេខ៥មួយ កីឡាករ ថៃ ប៊ុនហាន នឹងត្រូវលុបចោលការប្រកួតមិនតិចលើកនោះទេ នៅក្នុងអំឡុងពេលសម្រាកព្យាបាលដើម្បីតភ្ជាប់ឆ្អឹងដៃនេះ ។ ប៉ុស្ដិ៍លេខ៥ នឹងផ្ដល់ការឧបត្ថម្ភចំពោះកីឡាករ ថៃ ប៊ុនហាន ប៉ុន្តែលោកអះអាងថា មិនទាន់ប្រាកដពីតួលេខនោះទេដោយខាងសហព័ន្ធក៏នឹងមានវិធានការយកចិត្តទុកដាក់ចំពោះគេផងដែរ ក្នុងពេលដែលទីផ្សារការប្រដាល់របស់គេមិនអាចឡើងរេញបានដើម្បីបានលុយ ។ លោកថាប៉ុស្ដិ៍លេខ៥ និងសហព័ន្ធប្រដាល់ នឹងសហការគ្នារហូតស្ថានភាពដៃរបស់ ថៃ ប៊ុនហាន បានជាសះស្បើយ ហើយធានាថាគេនឹងអាចឡើងប្រកួតបានដូចប្រក្រតី ។ លោកមានប្រសាសន៍ថា៖«ឥឡូវហ្នឹងលទ្ធផលពីក្រុមគ្រូពេទ្យបានបញ្ជាក់មកហើយថា ឆ្អឹងដៃរបស់គាត់បាក់ អញ្ចឹងប៉ុស្ដិ៍លេខ៥ នឹងរួមសហការជួយព្យាបាលដៃគាត់រហូតទាល់តែជា គឺអត់ទុកចោលទេ ដើម្បីលើកទឹកចិត្តឲ្យកីឡាករដែលមានបញ្ហារបួសនៅក្នុងសង្វៀនរបស់យើងឲ្យគាត់មានទឹកចិត្ត!»។ លោកថាកីឡាករ ថៃ ប៊ុនហាន ដ្បិតថាត្រូវបានលេខ៤ដោយស្វ័យប្រវត្តិនៅក្នុងព្រឹត្តិការណ៍ជើងឯក Tiffy ប៉ុន្តែប៉ុស្ដិ៍លេខ៥របស់លោក ក៏នឹងបើកឱកាសឲ្យគេបានឡើងប្រកួតអន្តរជាតិ ក៏ដូចជាក្នុងព្រឹត្តិការណ៍ដណ្ដើមប្រាក់លានផ្សេងទៀតក្រោយពេលឆ្អឹងដៃត្រូវបានតភ្ជាប់នោះផងដែរ ។
កីឡាករថៃ ប៊ុនហាន បានអះអាងថា ស្ថានភាពបាក់ដៃរបស់ខ្លួន គឺដោយសារតែកម្លាំងជើងរបស់កីឡាករវ៉ាន់ ចាន់វ៉េត មានសភាពខ្លាំងមិនខុសពីកម្លាំងញញួរ១០គីឡូវាយត្រូវទេ ។ កន្លងមក លោកថាមិនធ្លាប់មានបញ្ហារបួសនៅត្រង់បរិវេណដៃខាងឆ្វេងនេះទេ និងបានចាត់ទុកថាវាជារបួសបាក់ដៃលើកទី១ ដែលបណ្ដាលមកពីការទប់ទល់ដ៏ខ្លាំងក្លានឹងការវាយលុករបស់គូប្រកួតនៅលើសង្វៀន។ លោកសម្ដែងការសោកស្ដាយដែលធ្លាក់ក្នុងសភាពបាក់ដៃហើយត្រូវក្រុមគ្រូពេទ្យកំណត់ឲ្យផ្អាកការប្រកួតច្រើនជាង៣ខែ ដោយមិនទាន់ច្បាស់ថារហូតដល់ពេលណាទើបបានដូចដើម ។ លោកនិយាយថា ៖«ពេទ្យថាដៃខ្ញុំបាក់ត្រូវសម្រាករហូតដល់៣ខែ ប៉ុន្តែគាត់ក៏បានបញ្ជាក់ថា ដៃហ្នឹងអាចជាបានឆាប់ ឬយូរជាងហ្នឹងផងដែរ!»។ នៅមិនទាន់ច្បាស់ថាក្រោយការសម្រាក៣ខែ ការប្រកួតនឹងធ្លាក់ដៃ ឬនៅដដែលនោះទេ ក្នុងពេលដែលវ័យ និងការសម្រាកមិនឲ្យកម្រើកដៃក្នុងអំឡុងព្យាបាលក៏នឹងធ្វើឲ្យលោកបាត់មុខពីការហ្វឹកហាត់ក្នុងរយៈពេលយូរ ដែលអាចថយចុះនូវកម្រិតប្រកួតផងដែរ ។ យ៉ាងណាក៏ដោយ លោកថាមិនមានបំណងដើរចេញពីការប្រដាល់នោះទេ ដោយសារតែការរកប្រាក់ពីការឡើងរេញ គឺជាអាជីពតែមួយដែលអាចឲ្យលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមគ្រួសារ ។ លោកនិយាយថា ៖«សម្រាក៣ខែ ការពិតវាមិនប៉ះពាល់ប៉ុន្មានទេ ប៉ុន្តែធម្មតាតែកាលណាយើងមានត្រណមមិនឲ្យកម្រើកដៃ អញ្ចឹង កម្លាំងស៊ុហ្វ និងសរសៃសសូងក៏ស្ទក់ជាងមុនបន្តិចដែរ ដោយសារតែយើងមិនអាចចូលក្លិបបានជាប់លាប់ដូចមុន!» ។ លោកសន្យាថែទាំងសមត្ថភាព និងបន្តវិលត្រឡប់មកកាន់ការប្រដាល់ដូចអ្វីដែលទស្សនិកជនបានឃើញ បើទោះជាវត្តមានរបស់កីឡាករក្មេងៗក្នុងស្រុក កាន់តែរុញឲ្យទីផ្សារឡើងប្រដាល់របស់លោកចង្អៀតជាងមុនក្ដី ៕



ចែករំលែកព័តមាននេះ