ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជន​​​សង្ស័យ​​បង្ក​របួស​ស្នាម​ម្នាក់​​រត់គេច​​ខ្លួន​ទាំង​​ដៃ​​ជាប់​ខ្នោះ​​បាត់​ស្រមោល

10 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ផឹកស៊ី​ស្រវឹង​ស្រាយគំនុំ​ចាស់​កាប់​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ម្នាក់​ សមត្ថកិច្ច​ចុះ​ទៅ​ដល់ចាប់​បាន​ជន​​ដៃ​ដល់​​ម្នាក់​​វាយ​​ខ្នោះ ​ហើយ​ឲ្យ​បក្សពួក​របស់​គេ​យក​ខោ​ជើងវែង​មក​ស្លៀក​ឲ្យ ​ស្រាប់តែ​ជន​បង្ក​លួច​រត់គេច​ខ្លួន​​ទាំង​ដៃ​ជាប់​ខ្នោះ​​បាត់​ស្រមោល ​កាល​ពី​​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ ​តុលា តាម​បណ្តោយ​ផ្លូវ​លំនៅ​ចំណុច​ជិត​វត្ត​នាគ​វន្ត សង្កាត់​ផ្សារដេប៉ូ​​ទី​៣​​ខណ្ឌទួលគោក​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ ​បានឱ្យ​​ដឹង​ថា ជន​បង្ក​និង​ជន​រង​គ្រោះ​សុទ្ធតែ​ជា​កម្មករ​សំណង់​ដូចគ្នា​ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កន្លែង​កើតហេតុ​​ មុន​ពេល​កើត​ហេតុ​ គេ​​ឃើញ​ជន​បង្ក​មាន​គ្នា​៣​ទៅ​៤​នាក់នាំ​គ្នា​​អង្គុយ​ផឹកស៊ី​នៅ​​ចំណុច​កើត​ហេតុ​ តែ​ជន​រង​គ្រោះ​មិន​បាន​ផឹក​​ស៊ី​ជា​មួយ​នោះទេ​ ​ដោយ​​ដេក​នៅ​​ក្បែរ​ជន​បង្ក​ដែល​កំពុង​​ផឹក​ស៊ី លុះ​ពេល​ជន​បង្ក​ផឹក​ស្រវឹង​ហើយ​នឹកឃើញ​រឿង​គំនុំ​ចាស់​ជាមួយ​ជន​រង​គ្រោះ​ក៏​បាន​ឈ្លោះ​ប្រ​កែ​កជាមួយ​ជន​រង​គ្រោះ​តាំងពី​ម៉ោង​ជិត​១០​យប់​រហូត​ដល់​ម៉ោង​កើតហេតុ​ជន​បង្ក​បាន​​ស្ទុះ​​​យក​កាំបិត​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​និង​​ដើម​​ទ្រូង​ បណ្តោយ​ឱ្យ​​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ​​បាន​​អ្នក​ឃើញ​ហេតុការណ៍​រុំនឹង​កន្ទេល​សែង​យក​ដាក់​នៅ​​ចិញ្ចើម​​ផ្លូវ ចំណែក​ជន​បង្ក​​ក៏​​ទៅ​ដេក​នៅ​ក្នុង​ការដ្ឋាន​ដដែល ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាន​ឃាត់ខ្លួន​ជន​​ដៃ​ដល់​បាន​ម្នាក់​ដែល​កំពុង​ដេក​ស្លៀកខោ​លី​អូ​​ដាក់​ខ្នោះ​រួច​ហើយ​ឲ្យ​បក្សពួក​របស់​គេ​យក​ខោ​ជើងវែង​មក​ស្លៀក​ឲ្យ ​ស្រាប់តែ​ជន​បង្ក​លួច​រត់គេច​ខ្លួន​បាត់​ទាំង​ដៃ​ជាប់​ខ្នោះ​​ ចំណែក​ជន​រងគ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕