រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាម្នាក់បានទៅបុកម៉ូតូ SL រងរបួសធ្ងន់២នាក់ ហើយបើករត់ត្រូវសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិសែនជ័យដេញឃាត់បាន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៦ តុលា ២០១៥ នៅមុខភោជនីយដ្ឋាន សេវេនឡាក់គីប្រាយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ម៉ូតូ SL ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-6848 មួយគ្រឿងជិះគ្នាពីនាក់ធ្វើដំណើតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សីក្នុងទិសដៅពីកើតទៅលិច លុះមកដល់មុខភោជនីយដ្ឋានសេវេនឡាក់គីប្រាយក៏មានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញៈ2AD-2847 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងខ្លាំង បើកក្នុងទិសដៅស្របគ្នាបានមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលឱ្យបុរស២នាក់ផ្លោងបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់ ។
បន្ទាប់ពីបុករួចរថយន្តបានបន្ថែមល្បឿនរត់ តែត្រូវអ្នកឃើញហេតុការណ៍ស្រែកផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យដែលកំពុងល្បាតអន្តរាគមន៍តាមផ្លូវជិះដេញឃាត់បានទាំងមនុស្ស និងរថយន្តនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង ហើយបានទាក់ទងទៅជំនាញចរាចរខណ្ឌសែនសុខមកយករថយន្តទៅទឹកដីកើតហេតុវិញ និងឃាត់យកទៅរក្សារទុកនៅអធិការដ្ឋានបណ្តោះអាសន្ន៕




ចែករំលែកព័តមាននេះ