រាជធានីភ្នំពេញ ៖ សង្សារ១គូខណៈកំពុងជិះម៉ូតូ ត្រូវបានម៉ូតូធុនធំមួយគ្រឿងទៀតកៀរដួលខ្ទាតចូលប៉ះទូរថភ្លើង ដែលកំពុងបើកមក បណ្តាលឱ្យនារីជាសង្សាររងរបួសបាក់ភ្លៅ ចំណែកឯខាងបុរសបានរងរបួសស្រាល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៧ តុលា ២០១៥ នេះ ស្ថិតនៅចំណុចផ្លូវលំអមរថភ្លើងក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះសុខណា អាយុ១៦ឆ្នាំ ជាសិស្សនៅសាលាអង្គការ (របួសបាក់ភ្លៅ) មានទីលំនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងយុវជនដែលរងរបួសស្រាលឈ្មោះវិឆ័យ អាយុ១៨ឆ្នាំ ជាសិស្សដូចគ្នា ទាំង២នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 1K-3267 ចំណែកខាងម៉ូតូធំ បានជិះគេចខ្លួនបាត់ ។
ប្រភពបន្តថា មុនពេលកើតហេតុ ម៉ូតូគូសង្សារនេះជិះក្នុងទិសដៅពីលិចទៅកើត ហើយរថភ្លើងបើកពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូធុនធំមួយគ្រឿងបើកកៀរម៉ូតូគូសង្សារនោះបណ្តាលឱ្យដួល ស្របពេលនោះក៏មានរថភ្លើងបើកមកដល់ បណ្តាលឱ្យប៉ះទូរថភ្លើងរងរបួសធ្ងន់តែម្តង ។




ចែករំលែកព័តមាននេះ