ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់បង់​ជីវិត​ក្នុង​មន្ទីរពេទ្យ ក្រោយ​ធ្វើ​រក​ឃើញ​កូ​វី​ដ​១៩ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​បុរស​ម្នាក់​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​ស្លា​.​ប់ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់ផ្ទាល់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​បុរស​ម្នាក់​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​ស្លា​.​ប់ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ និង​ប្រយោល ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​វីរុស​កូ​វី​ដ​។ នេះ​ជា​ការ​ជូនដំណឹង​ជា​សាធារណៈ​ដោយ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ​។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា រដ្ឋបាល​សាលាក្រុង​ប៉ោយ​ប៉ែ​ត បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ទទួលមរណភាព​របស់​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់ មានឈ្មោះ សួ ស៊ីនួន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​មុខរបរ​ជា​អាជីវករ​) រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទី​ពេទ្យ​។

លោក​បាន​បញ្ជាក់​ថា ឈ្មោះ សួ ស៊ីនួន (​មុខរបរ​ជា​អាជីវករ​ក្រុង​ប៉ោយ​ប៉ែ​ត​) មាន​អាកា​រៈ​ក្តៅខ្លួន អស់កម្លាំង ហើយ​ក៏​បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​បន្ទប់​ពិគ្រោះ​ជំងឺ «​ឡុ​ង សុធី​រៈ​» ដោយ​អ្នកជំងឺ​បាន​ដាក់​សេរ៉ូម ចាក់​ថ្នាំ កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ជាប់​របង​សាលា​វិទ្យាល័យ​គ​ន្ធា​ហូ​ម​ហ្វ្រេ​ន ស្ថិត​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត លុះ​យប់​ឡើង​បាន​ធូរស្រាល​បន្តិច អ្នកជំងឺ​ក៏​បាន​ទៅ​សំរាក​នៅផ្ទះ​វិញ ។

លោក​បាន​បញ្ជាក់​ទៀត​ថា លុះដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ អ្នកជំងឺ​នៅ​តែ​អស់កម្លាំង​ខ្លាំង​ដដែល ដោយ​អាកា​រៈ​មិន​ស្រួល អ្នកជំងឺ​ក៏​បាន​មក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ពិគ្រោះ​ជំងឺ «​សំ សើរ​» ទីតាំង​ទល់មុខ​នឹង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ដាក់​សេរ៉ូម​អស់​កន្លះ​កំប្លោក ក៏​ស្រាប់តែ​មាន​អាកា​រៈ​ដង្ហក់​ខ្លាំង​តែ​ម្តង ហើយ​គ្រូពេទ្យ​ក៏​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​បន្ត​ថា លុះ​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​ក៏​យក​សំណាក​អ្នកជំងឺ​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល​ជន​រង​គ្រោះ​គឹ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ក៏​បាន​សម្រាក​ព្យាបាល​១​យប់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយមក​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​វិញ លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ អ្នកជំងឺ​ដែល​ឆ្លង​កូ​វី​ដ​១៩ ឈ្មោះ សួ ស៊ីនួន ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា ក្រោយ​ពី​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ឈ្មោះ សួ ស៊ីនួន បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ រដ្ឋបាល​សាលាក្រុង​ប៉ោយ​ប៉ែ​ត បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​អ្នក​ដែល​ស្និទ្ធស្នាល និង​ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩​ខាងលើ សូម​រួសរាន់​មក​យក​សំណាក​ទៅ​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ចំពោះ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​វិញ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​បើ​មាន​អាកា​រៈ​មិន​ស្រួល សូម​ប្រញាប់​រួសរាន់​ទៅ​យក​សំណាក​ធ្វើតេស្ត នៅ​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត និង​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ