ប្រទេសចិន ៖ អ្នកវិភាគបានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់របស់មហាយក្សចិនចំនួន៦លើក ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤ បានធ្វើឲ្យអត្រាប្រាក់បញ្ញើមានកម្រិតទាបជាងអតិផរណា ។ និន្នាការនេះអាចជាលទ្ធផលក្នុងលំហូរចេញនៃការបញ្ចូលនូវសន្ទនិយភាពនៃប្រាក់បញ្ញើរបស់បណ្តាធនាគារ ដោយអាចជួយស្អំដល់កម្តៅសេដ្ឋកិច្ចដែលមិនសូវស្ទុះឡើង ។
ធនាគារប្រជាជនចិន និងធនាគារកណ្តាលចិន បានប្រកាសកាលពីថ្ងៃសុក្រនេះថា ខ្លួននឹងបន្ទាបនូវអត្រាការប្រាក់គោលនៃការផ្តល់កម្ចីរបស់ធនាគារសម្រាប់ឆ្នាំនេះ ឲ្យមានកម្រិតទាបជាងមុនក្នុងពិន្ទុមូលដ្ឋាន២៥ ស្មើនឹង៤,៣៥% ហើយអត្រាការប្រាក់បញ្ញើគោលវិញមាន១,៥% ដែលចូលជាធរមានចាប់ពីថ្ងៃសៅរ៍ តទៅ ។
ជាមួយគ្នានឹងការកាត់បន្ថយអត្រាការប្រាក់ ជាតម្រូវការសម្រាប់បម្រុងទុករបស់ធនាគារនោះ បរិមាណប្រាក់ក្នុងធនាគារ គឺតម្រូវឲ្យកាន់កាប់ជាលក្ខណៈបម្រុង ឬត្រៀមទុក ក៏ត្រូវបានកាត់បន្ថយក្នុងកម្រិតពិន្ទុមូលដ្ឋាន៥០សម្រាប់គ្រប់ធនាគារទាំងអស់ដែរ ។
ការប្រាក់ជាតម្រូវការត្រៀមទុកក្នុងធនាគារមួយចំនួន ក៏ត្រូវបានបន្ទាបថ្លៃជាងមុនដែរក្នុងកម្រិតពិន្ទុគោល៥០ ដើម្បីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បណ្តាក្រុមហ៊ុនតូចៗ និងនៅតាមតំបន់ជនបទ ។
ចំណែកធនាគារប្រជាជនចិនបានបន្ថយអត្រាការប្រាក់គួរឲ្យកត់សម្គាល់លើកទី៦ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ មក ។
ក្នុងពេលបច្ចុប្បន្ននេះ អត្រាការប្រាក់បញ្ញើមានចំនួន១,៥% មានកម្រិតទាបជាងអតិផរណារបស់ចិន១,៦% ដែលបានចុះបញ្ជីកាលពីខែកញ្ញា មានន័យថា អត្រាការប្រាក់បញ្ញើជាក់ស្តែងបានជ្រាបចូលទៅក្នុងវិស័យអវិជ្ជមាន ។
យោងតាមការគណនាកាល ពីថ្ងៃសៅរ៍បង្ហាញថា ទំហំប្រាក់បញ្ញើចំនួន១៥.៧៥០ដុល្លារនឹងរួញខ្លីក្នុងរង្វង់ទឹកប្រាក់១០០យន់ក្នុងមួយឆ្នាំ ។
អ្នកវិភាគរបស់ Bank of Communication លោក Liu Xuezhi បានប្រាប់សារព័ត៌មានចិនកាលពីថ្ងៃអាទិត្យនេះថា ៖ «ភាពចុះខ្សោយនៃអត្រាការប្រាក់បញ្ញើនេះ អាចជាលទ្ធផលនៃលំហូរចេញនៃប្រាក់បញ្ញើរបស់ធនាគារនានា ព្រមទាំងជំរុញដល់ស្មារតីរបស់ពលរដ្ឋក្នុងការវិនិយោគផងដែរ ។ ជាការកត់សម្គាល់ ការវិនិយោគក្នុងផ្សារហ៊ុនអាចកើនឡើងក្នុងពេលអត្រាការប្រាក់ចុះថោក» ។
ការកាត់បន្ថយអត្រាការប្រាក់ចំនួន៦លើក
-នៅអំឡុងថ្ងៃទី២២ វិច្ឆិកា ២០១៤ ការកាត់បន្ថយអត្រាការប្រាក់គោលលើការផ្តល់កម្ចីរបស់ធនាគារក្នុងកម្រិតពិន្ទុមូលដ្ឋាន៤០ គឺមានកម្រិត៥,៦% ចំណែកការប្រាក់បញ្ញើបានកាត់បន្ថយក្នុងកម្រិតពិន្ទុមូលដ្ឋាន២៥ ឬស្មើនឹង២,៧៥% ។
-ថ្ងៃទី១ មីនា ២០១៥ ការប្រាក់កម្ចីកាត់បន្ថយ៥,៣៥% ការប្រាក់លើប្រាក់បញ្ញើ២,៥% ។
-ថ្ងៃទី១១ ឧសភា ២០១៥ ការប្រាក់កម្ចីកាត់បន្ថយមក៥,១% ការប្រាក់បញ្ញើ២,២៥% ។
-ថ្ងៃទី២៨ មិថុនា ២០១៥ ការប្រាក់កម្ចីកាត់បន្ថយ៤,៨៥% ការប្រាក់បញ្ញើកាត់បន្ថយ២% ។
-ថ្ងៃទី២៦ សីហា ២០១៥ ការប្រាក់កម្ចីកាត់បន្ថយ៤,៦% ការប្រាក់បញ្ញើ១,៧៥% ។
-ថ្ងៃទី២៤ តុលា ២០១៥ ការប្រាក់កម្ចីកាត់បន្ថយ៤,៣៥% ការប្រាក់បញ្ញើ១,៥% ៕
ចែករំលែកព័តមាននេះ