ខេត្តកំពង់ស្ពឺ ៖ រថយន្តទួរីសដឹកអ្នកដំណើរមួយគ្រឿងបានបុកបុរសម្នាក់ស្លាប់ភ្លាមៗ កាលពីម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី២៦ តុលា លើផ្លូវលេខ41 ចំណុចគីឡូម៉ែត្រលេខ5-6 ស្ថិតក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ។
ភាគីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង គ្មានស្លាកលេខ អ្នកស្លាប់ឈ្មោះនៅ មករា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកភាគីរថយន្តបង្ក១គ្រឿងម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AD.9410 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ។
សមត្ថកិច្ចស្រង់សំដីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែបុកម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង គ្មានស្លាកលេខ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ត្រីឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ដោយបន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ៕


ចែករំលែកព័តមាននេះ