រាជធានីភ្នំពេញ ៖ ការអប់រំទំនើបកម្ម និងសម្ភារនិយមនៅក្នុងយុគសម័យទំនើបនាសតវត្សរ៍ទី២១នេះ ធ្វើឲ្យយុវជនខ្មែរមួយចំនួនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាង ខ្លាំងទៅលើបច្ចេកវិទ្យា ។ បើទោះបីជាការប្រឹងប្រែងរបស់គេ មិនសង្ឃឹមថា នឹងទទួលបានជោគជ័យ១០០%ដូចការរំពឹងទុកក៏ដោយ តែវាប្រៀបបាននឹងការដកពិសោធមួយសម្រាប់ជំហានដំបូងនៃការសាកល្បង ហើយនេះក៏ជាមោទនភាពមួយសម្រាប់កូនខ្មែរដែលមានគំនិតច្នៃប្រឌិតផងដែរ ។
យឹម ប៊ុនឆាត ជាយុវជនដែលមានចំណង់ចំណូលចិត្ត និងស្រឡាញ់ការបង្កើតថ្មីនូវសម្ភារបែបទំនើបដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ។ យុវជនរូបនេះ ជាអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍លើកបច្ចេកវិទ្យា និងជាប្រធានក្រុមArrowDot ដែលជាក្រុមអ្នកស្រាវជ្រាវលើបច្ចេកវិទ្យាវ័យក្មេងដែលបានបង្កើតឡើងដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១២។
យុវជនវ័យ២៧ឆ្នាំរូបនេះ កំពុងធ្វើមនុស្សយន្តមួយប្រភេទសម្រាប់រត់តុក្នុងភោជនីយដ្ឋាន ដែលបានសម្រេចផលប្រមាណជា៩០ភាគរយក្នុងការដំឡើង បានរៀបរាប់ពីការលេចឡើងនូវគ្រឹះបង្កើតមនុស្សយន្តសម្រាប់រត់តុដំបូងនៅកម្ពុជានេះ ដោយលោកនិយាយថា វាជាផលិតផលថ្មីក្នុងស្រុកតែមួយគត់ ដែលកំពុងផលិតឡើងដោយយុវជនក្មេងៗមួយក្រុមរបស់កម្ពុជា ។
ប៊ុនឆាតបាននិយាយថា ៖ « ដោយសារភោជនីយដ្ឋានក្នុងស្រុកខ្មែរសុទ្ធតែប្រើមនុស្សធ្វើការ ដូច្នេះវា[មនុស្សយន្ត]នឹងក្លាយជាការងារថ្មីមួយដែលជួយសម្រួលដល់កម្លាំងពលកម្មមនុស្សសម្រាប់ប្រទេសខ្មែរយើង » ។
លោកបន្ថែមថា «ការផលិតRobot រត់តុនេះ វាបង្កើតមុខរបរថ្មីសម្រាប់ក្រុមអ្នកផលិតយើងផង ហើយក៏អាចលើកទឹកចិត្តឲ្យអ្នកដទៃបង្កើតមុខរបរដូចយើងដែរ បើទោះបីជាមិនមែនការផលិតRobot ដូចពួកខ្ញុំក៏ដោយ » ។
មនុស្សយន្តរត់តុដែលមិនទាន់ត្រូវបានដាក់ឈ្មោះនេះ នៅមិនទាន់ចេញរូបរាងខាងក្រៅនៅឡើយទេ ប៉ុន្តែវាត្រូវបានសាកល្បងជាច្រើនលើកជាច្រើនសា ដែលអាចនិយាយបានថា ដំណើរការរបស់ល្អជាប្រក្រតី ។
ប៊ុនឆាតបានឲ្យដឹងថា មនុស្សយន្តរត់តុនេះនឹងមិនត្រូវដាក់លក់នៅទីផ្សារក្នុងឬក្រៅស្រុកទេ ដោយសារតែលោកមានបំណងបង្កើតដើម្បីដៃគូអាជីវកម្មដែលជាម្ចាស់ភោជនីយដ្ឋានក្នុងស្រុកប៉ុណ្ណោះ ។ លោកបាននិយាយថា « មនុស្សយន្តរត់តុនេះ វានឹងធ្វើឲ្យការបម្រើសេវាកម្មក្នុងភោជនីយដ្ឋាន ទី១គឺលឿន ទី២វាជាមនុស្សយន្ត ដូច្នេះវានឹងមិនធ្វើឲ្យអតិថិជនទាស់ចិត្តឡើយ ហើយបើមានការថ្នាំងថ្នាក់ចិត្តពីភ្ញៀវនោះ គឺជាមួយពួកយើងដែលអ្នកធ្វើProgram ។ ដូច្នេះអតិថិជនគ្រាន់តែមកកាន់ហាង និងអង្គុយកុម្ម៉ង់នោះ គាត់នឹងទទួលបានសេវាកម្មរហ័សទាន់ចិត្ត ពិសេសនឹងមានការប្លែកភ្នែក ដោយសារតែហាងដែលមានអ្នករត់តុជាមនុស្សយន្ត នឹងមានតែមួយនៅកម្ពុជា»។
ប៊ុនឆាតបានបន្តថា « បើនិយាយឲ្យខ្លីគឺមនុស្សយន្តនេះ វាផ្តល់សេវាកម្មដឹកជញ្ជូនបានលឿនជាងមនុស្ស ហើយវានឹងមិនចេះភាន់ច្រឡំដូចមនុស្សទេ » ។
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍លើកបច្ចេកវិទ្យាArrowDot មានសមាជិកចំនួន៦នាក់ ក្នុងនោះមានសមាជិកតែពីរនាក់ប៉ុណ្ណោះដែលបានស្រាវជ្រាវ និងកំពុងផលិតមនុស្សយន្តរត់តុនេះ ។
ក្រុមArrowDot ទទួលបានមោទនភាពពីការខិតខំប្រឹងប្រែង និងច្នៃប្រឌិត ជាពិសេសពួកគេមានគោលការណ៍ និងចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងផ្តល់ភាពងាយដល់មនុស្សរស់ក្នុងសម័យទំនើប ។ ការផលិតផលមនុស្សយន្តរត់តុ នឹងមិនប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ឬការប្រកបរបររបស់មនុស្សទេ ដោយហេតុតែពួកគេនឹងមិនបង្កើតរបស់ទាំងឡាយណាដែលផ្តល់មហន្តរាយដល់សង្គម ។
លោកបង្ហាញថា « មុននឹងផលិតមនុស្សយន្តនេះ យើងមានការសិក្សាច្បាស់លាស់។ នៅ ArrowDotរបស់យើង គឺមានច្បាប់ ទី១ដូចជាការផលិតអាវុធ ឬរបស់ណាដែលវាប៉ះពាល់ដល់សន្តិសុខសង្គម នោះយើងនឹងមិនធ្វើការស្រាវជ្រាវលើរឿងហ្នឹងទេ ។ ទី២ គឺ Technology ទាំងឡាយណាដែលមិនប៉ះពាល់ដល់ជីវភាពរបស់មនុស្ស ។ ដូច្នេះត្រង់ចំណុចហ្នឹង ខ្ញុំចង់បញ្ជាក់ថា ការបង្កើតមនុស្សនេះមែនសម្រាប់លក់ទូទៅទេ ប៉ុន្តែវាបង្កើតឡើងសម្រាប់តែដៃគូរបស់ArrowDot ប៉ុណ្ណោះ »។
លោកបានបន្តថា « យុវជនដែលមកពីតាមខេត្ត គាត់ពឹងលើការងារក្រៅម៉ោង ដូចជារត់តុតាមភោជនីយដ្ឋានជាដើម ប្រសិនបើមនុស្សយន្តទាំងអស់នេះទៅជំនួសការងាររបស់គាត់ នោះគាត់នឹងមានការលំបាកក្នុងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ »។
ទៅតាមការគោងរបស់ក្រុម ArrowDot មនុស្សយន្តសម្រាប់រត់តុនេះ នឹងមិនត្រូវបានដាក់នៅតាមទីផ្សារទេ ដោយសារតែកង្វល់ធ្វើឲ្យប៉ះដល់ការបាត់បង់ការងាររបស់មនុស្ស ដូច្នេះវានឹងត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់នៅក្នុងភោជនីយដ្ឋានជាក់លាក់ណាមួយនៅក្នុងប្រទេសកម្ពុជា ដែលនឹងជាដៃគូអាជីវកម្មរបស់ ArrowDot ។
លោកប៊ុនឆាតបាននិយាយថា « ខ្ញុំមានគំនិតពីរ ទី១ រកអ្នកវិនិយោគទុនក្នុងគំនិតធ្វើអាជីវកម្មដោយប្រើប្រាស់មនុស្សយន្តដែលយើងផលិតនេះ ឬបើកភោជនីយដ្ឋានដោយខ្លួនឯងតែម្តង ។ បើភោជនីយដ្ឋានដៃគូរបស់យើង ដែលនឹងត្រូវរកបាននោះ នឹងជាភោជនីយដ្ឋានតែមួយគត់ក្នុងស្រុកខ្មែរ » ។
មនុស្សយន្តសម្រាប់រត់តុគំរូនេះ ត្រូវប្រើរយៈពេលជិត១ឆ្នាំក្នុងការផលិត និងអស់ទឹកប្រាក់ប្រមាណជា៤០០ដុល្លារ ដែលនៅសល់តែ១០ភាគរយទៀតប៉ុណ្ណោះក្នុងការបញ្ចប់រូបរាងចុងក្រោយរបស់វា ។
ដោយឡែក ការផលិតមនុស្សយន្តនេះមានការលំបាកមួយចំនួនដោយសារសម្ភារត្រូវនាំចូលពីប្រទេសចិន ដែលវាត្រូវចំណាយពេលយូរក្នុងការរង់ចាំផលិតផលនាំចូល ។ រីឯការដំឡើងក៏មានលំបាក ដោយសារបញ្ហាលើផ្នែកបចេ្ចកទេសជាដើម ។ ជាងនេះទៅទៀត ការងាររបស់ក្រុមArrowDot មិនទទួលបានប្រាក់បៀវត្សជាប្រចាំខែនោះទេ គឺត្រូវជំរុញឲ្យសមាជិកក្រុមប្រកបការងារក្រៅបន្ថែម ដើម្បីទទួលបានប្រាក់កម្រៃរៀងៗខ្លួន ដែលវាជាហេតុធ្វើឲ្យការផលិតមនុស្សយន្តមានភាពយឺតយ៉ាវ ។
ទោះបីយ៉ាងណា ប៊ុនឆាតមានសុទិដ្ឋិនិយមថា នឹងទទួលបានជោគជ័យ ដោយពឹងផ្អែកលើសិក្សាជ្រាវច្បាស់លាស់។ លោកបញ្ជាក់ថា បើទោះបីជាការផលិតមនុស្សយន្តនេះមិនទទួលបានជោគជ័យ១០០%ដូចការរំពឹងទុកក៏ដោយ វាប្រៀបបាននឹងការដកពិសោធមួយសម្រាប់ជំហានដំបូងនៃការសាកល្បង ។
ប៊ុនឆាត បាននិយាយថា «យើងចង់ជួយដល់យុវជនខ្មែរដែលស្រឡាញ់ផ្នែកវិទ្យាសាស្ត្រ ក្នុងការស្រាវជ្រាវដើម្បីឲ្យកាន់តែមានគំនិតច្នៃប្រឌិត ព្រោះយុវជនជាស្នូលនៃសេដ្ឋកិច្ច បើយុវជនមានការងារធ្វើ និងវិជ្ជាជីវៈច្បាស់លាស់ក្នុងការចិញ្ចឹមជីវិត វានឹងជាផ្នែកមួយដែលអាចជួយជំរុញឲ្យមានការលូតលាស់ផ្នែកសេដ្ឋកិច្ច »៕


ចែករំលែកព័តមាននេះ