រាជធានីភ្នំពេញ ៖ ស្របពេលតម្លៃកៅស៊ូរបស់កម្ពុជា ក៏ដូចជាទីផ្សារកៅស៊ូនៅលើពិភពលោកធ្លាក់ចុះនោះ កសិករដែលធ្លាប់ដាំដំណាំកៅស៊ូ បានបង្វែរការដាំកៅស៊ូមកដាំដំណាំផ្សេងៗវិញ ដែលកំពុងមានសក្ដានុពលទីផ្សារ ដូចជា ដំណាំម្រេច និងស្វាយចន្ទីជាដើម ។
លោក ម៉ក់ គឹមហុង ប្រធានសមាគមកៅស៊ូកម្ពុជា បានមានប្រសាសន៍ថា ៖ «ទោះបីជាតម្លៃកៅស៊ូបានធ្លាក់ចុះមែន បុ៉ន្តែចំពោះក្រុមហ៊ុនដែលដាំកៅស៊ូធំៗ មិនបានបន្ថយការដាំដុះរបស់ខ្លួនទេ នៅតែពង្រីកមហិច្ឆតារបស់ខ្លួនទៅតាមផែនការ ។ ប្រជាកសិករដែលដាំកៅស៊ូខ្នាតតូច ពេលនេះបានបង្វែរមកដាំម្រេច ឬដំណាំផ្សេងៗវិញ»។
លោកបន្តថា ៖ «ចំពោះអ្នកដាំកៅស៊ូដែលមានចម្ការធំៗ គាត់មិនបានបន្ថយទេ នៅតែបន្តដាំទៅតាមផែនការនៅឡើយ ប៉ុន្តែចំពោះប្រជាកសិករវិញ គាត់បានបន្ថយហើយ ឬក៏ឈប់ដាំតែម្ដង គាត់បង្វែរទៅដាំម្រេច ឬដាំស្វាយចន្ទីវិញ ។ ដោយឡែក ក្រុមហ៊ុនធំៗគេមិនខ្វល់នោះទេ ព្រោះកៅស៊ូរបស់គេពេលនេះមិនទាន់បានផលនៅឡើយ ដូច្នេះនៅពេលកៅស៊ូរបស់គេបានផលនោះគេរំពឹងថា តម្លៃកៅស៊ូអាចនឹងឡើងថ្លៃវិញ» ។
លោកក៏បានបញ្ជាក់ពីមូលហេតុមួយចំនួនផងដែរ ដែលធ្វើឱ្យតម្លៃកៅស៊ូធ្លាក់ចុះ មិនថាតែកៅស៊ូរបស់កម្ពុជា ឬកៅស៊ូនៅលើពិភពលោកឡើយ ។ ដោយលោកលើកថា ៖ «កៅស៊ូបានធ្លាក់ថ្លៃនេះ ដោយសារតែការផលិតកង់របស់កាលពីមុនមិនទាន់លក់អស់ ហើយកង់រថយន្តជាច្រើននៅសល់ស្តុក ដូចនេះ បើកង់រថយន្តនៅសល់ស្តុកច្រើនពេក ក្រុមហ៊ុនដែលផលិតកង់រថយន្ត មិនទាន់ផលិតបន្តទៀតនោះនាំឱ្យតម្រូវការកៅស៊ូមានមិនច្រើនដូចកាលពីមុនទេ។ ម្យ៉ាងទៀត ដោយសារតែតម្លៃប្រេងចុះថ្លៃ ទើបធ្វើឱ្យតម្លៃកៅស៊ូសិប្បនិមិ្មតក៏ចុះថ្លៃដែរ និងធ្វើឱ្យរោងចក្រផលិតកង់រថយន្តមានតម្រូវការកៅស៊ូសិប្បនិម្មិតច្រើនជាងកៅស៊ូធម្មជាតិ» ។
ប្រធានសមាគមកៅស៊ូកម្ពុជារូបនេះបានបញ្ជាក់ផងដែរថា ៖ «សព្វថ្ងៃនេះ អ្នកដាំកៅស៊ូនៅកម្ពុជា មិនថាជាលក្ខណៈគ្រួសារ ឬដាំជាក្រុមហ៊ុនធំៗនោះទេ គឺម្ចាស់កៅស៊ូត្រូវរកទីផ្សារដោយខ្លួនឯង ហើយសមាគមក៏មិនបានរកទីផ្សារសម្រាប់ម្ចាស់កៅស៊ូទាំងនោះដែរ ។ ទីផ្សារកៅស៊ូមាន ឬមិនមាន អាស្រ័យលើគុណភាពនៃការផលិតរបស់ម្ចាស់ចម្ការកៅស៊ូ ។ បុ៉ន្តែបើនិយាយពីការដាំវិញ កៅស៊ូមានភាពងាយស្រួលដាំជាងម្រេចឆ្ងាយណាស់ មិនថារដូវប្រាំង ឬភ្លៀងឡើយ ។ ម្ចាស់ចម្ការត្រូវមើលថែ ជាពិសេសនៅដូវភ្លៀងខ្លាចលិចទឹក ឬរលួយគល់ជាដើម» ។
យោងតាមមន្ត្រីនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មម្នាក់ឱ្យដឹងថា ៖ «សព្វថ្ងៃនេះផ្ទៃដីដំណាំកៅស៊ូសរុបមានចំនួន៣៦៥ពាន់ហិកតា គិតត្រឹមដំណាច់ឆ្នាំ២០១៤ ក្នុងនោះផ្ទៃដីដំណាំកៅស៊ូដែលទទួលផលមានចំនួនជាង១០ម៉ឺនហិកតា» ។
មន្ត្រីរូបនេះបន្តថា ៖ «ដំណាំកៅស៊ូនៅកម្ពុជា បច្ចុប្បន្នមានដាំនៅលើផ្ទៃដីចំនួន២០ខេត្ត ក្នុងចំណោម២៥ខេត្ត-រាជធានី ក្នុងនោះ៥ទៅ៦ខេត្ត ដែលជាខេត្តមានសក្ដានុពលខ្លាំងខាងដំណាំកៅស៊ូ ត្រូវបែងចែកជាពីរប្រភេទគឺ ដំណាំកៅស៊ូកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូជាលក្ខណៈគ្រួសារ ។ សម្រាប់ដំណាំកៅស៊ូប្រភេទ កសិ-ឧស្សាហកម្ម សព្វថ្ងៃនៅតែដំណើរការជាធម្មតាទេ ប៉ុន្តែដំណាំកៅស៊ូលក្ខណៈជាគ្រួសារវិញ មិនសូវមានការដាំដុះបន្ថែមទៀតទេ» ។
យោងតាមប្រសាសន៍របស់លោក លី ផល្លា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម ក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនៅ ខេត្តសៀមរាបថា ៖ «ការធ្លាក់ចុះតម្លៃកៅស៊ូនាពេលបច្ចុប្បន្ន គឺមិនធ្លាប់មានទេកាលពីពេលកន្លងមក ហើយកៅស៊ូឡើងថ្លៃនៅក្នុងអំឡុងឆ្នាំ២០១១ ដោយពេលនេះមានតម្លៃ៥.៧០០ដុល្លារអាមេរិកក្នុងមួយតោន ហើយពេលនេះធ្លាក់មកត្រឹមតែ១.៣០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយតោន ដែលជាកង្វល់មួយរបស់រាជរដ្ឋាភិបាល ជាពិសេស កសិករជាអ្នកដាំកៅស៊ូ» ៕
ចែករំលែកព័តមាននេះ