រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីចំណាស់ម្នាក់មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អទី៣ ខណ្ឌទួលគោក ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ម៉ាច ទិង អាយុ២២ឆ្នាំ ស្នាក់នៅខាងក្រោយសាលាសាមគ្គី និងជនសង្ស័យម្នាក់ទៀតដែលរត់រួចឈ្មោះ ភ័ណ្ឌ អាយុ២៨ឆ្នាំ រីឯម៉ូតូជនសង្ស័យដែលជិះធ្វើសកម្មភាពម៉ាកវីវ៉ា ។ ចំណែកស្ត្រីម្ចាស់កាបូបឈ្មោះ ហ៊ុយ ហេង អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីម្ចាស់កាបូប បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូដឹកចៅ៣នាក់ទៅសាលារៀនចិន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជន២នាក់ជិះម៉ូតូមកអែប រួចធ្វើសកម្មភាពឆក់កាបូបពីគាត់តែម្តង ប៉ុន្តែដោយសារស្មារតីគាត់រឹងមាំ និងបានចៅផង ក៏ទាញយកកាបូបនោះមកវិញ ហើយស្រែកថា «ចោរៗ» ធ្វើឱ្យម៉ូតូជនសង្ស័យដួលត្រូវអ្នកដំណើរចាប់បានម្នាក់ ហើយម្នាក់ទៀតរត់រួច ដោយទប់កំហឹងមិនបានប្រជាជនពលរដ្ឋក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងស្ទើរទ្រមខ្ឡួនទើបប្រគល់ឱ្យសមត្ថកិច្ច នគរបាល ។
ក្រោយកើតហេតុ ស្ត្រីម្ចាស់កាបូបក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អទី៣ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ទៀតដែលរត់រួចមកផ្តន្ទាទោសតាមច្បាប់ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍សួរនាំ និងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕



ចែករំលែកព័តមាននេះ