ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបើកប្រតិបត្តិការក្តៅទ្រង់ទ្រាយធំបង្ក្រាបបទល្មើសគ្រឿងញៀន និងអំពើលួច-ប្លន់ក្នុងក្រុងសៀមរាប ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះបានដាក់ចេញនូវផែនការសកម្មភាពរួមមួយដែលមានកម្លាំងមកពីបណ្តាស្រុកទាំង១១ចំនួន២២នាក់, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល២៣នាក់, កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន១៦នាក់, កម្លាំងអធិការដ្ឋាននគរបាលក្រុង៧នាក់, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម១២នាក់ និងកម្លាំងនគរបាលសង្កាត់គោកចក៦នាក់ សរុបទាំងអស់៨៦នាក់ ចែកចេញជា២គោលដៅ គឺនៅសង្កាត់ស្លក្រាម និងសង្កាត់គោកចក។
របាយការណ៍បានបញ្ជាក់ថា ជាលទ្ធផលនៅថ្ងៃទី២២ តុលា ២០១៥ បានរកឃើញ និងបញ្ជូនជនសង្ស័យរក្សាទុក ចាត់ចែង ប្រើប្រាស់សារធាតុញៀន បញ្ជូនទៅតុលាការបាន៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់(ស្រី៤នាក់) និងដកហូតបានវត្ថុតាងមាន ចង្ក្រានចម្រាញ់សារធាតុញៀន១, ថ្នាំញៀនម្សៅក្រាម១កញ្ចប់តម្លៃ៥០ដុលា្លរ, ទូរស័ព្ទដៃ៦គ្រឿង និងឧបករណ៍មួយចំនួន ។ រកឃើញ និងបញ្ជូនជនសង្ស័យប្រើប្រាស់សារធាតុញៀនទៅមជ្ឈមណ្ឌលស្តារយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀនបានចំនួន១០នាក់(ស្រីម្នាក់) និងមានចម្លើយសារភាព ព្រមទាំងបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនពិតប្រាកដ ។ នៅថ្ងៃទី២៣ តុលា ២០១៥ រកឃើញ និងបញ្ជូនជនសង្ស័យរក្សាទុក ចាត់ចែង ប្រើប្រាស់សារធាតុញៀនទៅតុលាការបាន៤ករណី ដោយឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតបានវត្ថុតាងមាន ម្សៅក្រាម១កញ្ចប់(កន្លះក្រាម), មេតំហ្វេតាមីន៨កញ្ចប់ ស្មើនឹងទម្ងន់៣,៨ក្រាម, ទូរស័ព្ទដៃ៤គ្រឿង, ម៉ូតូ២គ្រឿង ។ រកឃើញ និងបញ្ជូនជនសង្ស័យប្រើប្រាស់សារធាតុញៀនទៅមជ្ឈមណ្ឌលស្តារយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀនបានចំនួន៦នាក់ ហើយមានចម្លើយសារភាព និងបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនពិតប្រាកដ និងរកឃើញករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ជនរងគ្រោះយកម៉ូតូកាលពីថ្ងៃទី៨ តុលា ២០១៥) បានមនុស្សចំនួន៩នាក់ កំពុងស៊ើបអង្គេតស្រាវជ្រាវរកវត្ថុតាងបន្ត ។
របាយការណ៍បញ្ជាក់ថា ជនសង្ស័យទាំង៩នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការមាន ១-ឈ្មោះ ស ខន ភេទប្រុស ៣១ឆ្នាំ ជាជនដៃដល់, ២-ឈ្មោះ មឿន សុវណ្ណារ៉ា ហៅ ហេង លីហួ ភេទប្រុស អាយុ១៧ឆ្នាំ ជាជនដៃដល់, ៣-ឈ្មោះ អ៊ុក ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ ស៊ុន ប៊ុនហេង ហៅតាទឹកកក ភេទប្រុស អាយុ៣១ឆ្នាំ, ៥-ឈ្មោះ គង់ សីហា ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ, ៦-ឈ្មោះ រឿម រ៉ាន់នី ភេទប្រុស អាយុ២៤ឆ្នាំ, ៧-ឈ្មោះ ជេស អំណត់ ហៅធំ ភេទប្រុស អាយុ២៣ឆ្នាំ, ៨-ឈ្មោះ ឆយ សុធាវិចិត្រ ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ និង ៩-ឈ្មោះ ធឿន សុណារិទ្ធា ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ។
ក្រោយពីបានឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ កម្លាំងជំនាញធ្វើការដកហូតវត្ថុតាងបានរួមមាន ម៉ូតូ៤គ្រឿង, ដាវដែក១ដើម ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៦ តុលា ២០១៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ