រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្មដ៍មមាញឹកនៅក្រៅប្រទេសរួចមក នៅថ្ងៃទី២៥ តុលា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអញ្ជើញពិនិត្យការវះកាត់ និងសួរសុខទុក្ខកុមារដែលមានមាត់ឆែបដើម្បីវះកាត់ដោយអង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) សហការជាមួយអង្គការស្នាមញញឹមសិង្ហបូរី (Smile Singapore) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលកម្មវិធីនេះគ្រោងនឹងវះកាត់កុមារដែលមានមាត់ឆែបចំនួន៥៣នាក់ក្នុងរយៈពេល៤ថ្ងៃ ។
ការវះកាត់ និងព្យាបាលជំងឺមាត់ឆែបដល់កុមារ គឺជាសកម្មភាពមនុស្សធម៌ដ៍ល្អប្រពៃដើម្បីជួយឱ្យកុមារមានជីវិតថ្មី ស្នាមញញឹមថ្មី ប្រកបដោយក្តីសង្ឃឹម ។ លោកបានបង្ហាញការការស្រឡាញ់ ការអាណិតអាសូរ ដល់កុមារទាំងអស់នោះ និងបានផ្តល់ប្រាក់ ព្រមទាំងអំណោយមួយចំនួនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្មួយៗកុមារផងដែរ ។
បន្ទាប់ពីសកម្មភាពមនុស្សធម៌ទី១ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរ និងអង្គការ KOTRA ចុះព្យាបាលជំងឺមាត់ធ្មេញ ជំងឺភ្នែកជំងឺទូទៅ ពិនិត្យអេកូ ពិនិត្យឈាម និងព្យាបាលរោគស្ត្រីដោយឥតគិតថ្លៃជូនដល់កម្មករ កម្មការិនីចំនួន១.២៥៥នាក់ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោសែនជ័យ ផងដែរ ៕





ចែករំលែកព័តមាននេះ