ការបាញ់តតាំងគ្នាមួយផ្ទុះឡើងរវាងប៉ូលិស និងបណ្តាសមាជិកក្រុមរដ្ឋអិុស្លាមកាលពីថ្ងៃទី២៦ តុលា នៅភាគកណ្តាលទីក្រុងឌីយ៉ាបាគៀរ ជាទីក្រុងមួយនៅភាគអាគ្នេយ៍តួកគីមានជនជាតិឃើតភាគច្រើន ។
ពួកជីហាដយ៉ាងតិច៧នាក់ និងប៉ូលិស២នាក់ស្លាប់ ក្នុងការបាញ់តតាំងគ្នានេះ ។
នាព្រឹកព្រលឹមប៉ូលិសបានលុកចូលផ្ទះជាច្រើននៃសង្កាត់មួយរបស់ក្រុងនេះជាកន្លែងលាក់ខ្លួនរបស់ពួកជីហាដ ដែលបាញ់ប្រហារបង្កឱ្យមានការតបតវិញរបស់កងកម្លាំងប៉ូលិស ។ ការបាញ់តគ្នាយ៉ាងខ្លាំងក្លា កើតមានទៀតនាព្រឹកថ្ងៃនោះក្នុងសង្កាត់ដដែលជាកន្លែងដែលប៉ូលិសសង្ស័យមានពួកជីហាដលាក់ខ្លួន ។
ទីភ្នាក់ងារព័ត៌មានផ្លូវការតួកគី ANATOLIE បញ្ជាក់ថា ប៉ូលិស២នាក់ស្លាប់ដោយសារការផ្ទុះមួយដែលបញ្ជាពីចម្ងាយដោយសមាជិកក្រុមរដ្ឋអិុស្លាម ដោយគ្រឿងផ្ទុះនានាត្រូវបានដាក់នៅជុំវិញផ្ទះមួយក្នុងចំណោមផ្ទះដែលកងកម្លាំងសន្តិសុខឡោមព័ទ្ធ ។
ក្រុមរដ្ឋអិុស្លាមត្រូវបានអាជ្ញាធរតួកគីចាត់ទុកជាអ្នកជាប់សង្ស័យខ្លាំងជាងគេចំពោះការវាយប្រហារអត្តឃាត២ សំដៅលើការប្រមូលផ្តុំមនុស្សរបស់គណបក្សប្រឆាំងស្និទ្ធពួកឃើត បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ១០២នាក់ កាលពីថ្ងៃទី១០ តុលា នៅមុខស្ថានីយរថភ្លើងក្រុងអង់ការ៉ា ដែលនេះជាការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតពុំធ្លាប់មានពីមុនមកលើទឹកដីតួកគី ។ ចាប់តាំងពីពេលនោះមក កងកម្លាំងប៉ូលិសបានចាប់ខ្លួនពួកជីហាដជាច្រើននាក់ ៕
ចែករំលែកព័តមាននេះ