រលកនៃការវាយប្រហារដោយកាំបិតប្រឆាំងពួកអីុស្រាអែលនៅបន្តកាលពីថ្ងៃទី២៥ តុលា នៅតំបន់ស៊ីសហ្សកដានីដែលអីុស្រាអែលកាន់កាប់ ដោយនៅទីនោះក្មេងស្រីជំទង់ប៉ាឡេស្ទីនម្នាក់ត្រូវប៉ូលិសអីុស្រាអែលបាញ់ស្លាប់ បន្ទាប់ពីការប្រកាសពីវិធានការនានាសម្រាលភាពតានតឹងនៅតាមព្រះវិហារអ៊ិស្លាមនានា ជាចំណុចក្តៅនៃអំពើហិង្សា ។
ភាពជ្រួលច្របល់នៅបន្តដែលបង្ហាញពីភាពមិនច្បាស់លាស់លើលទ្ធភាពនៃការធូរស្រាល ក្រោយការប្រកាសកាលពីថ្ងៃទី២៤ តុលា របស់រដ្ឋមន្ត្រីការបរទេសអាេមរិក លោកចន ឃ័ររី ។
នៅជិតផ្នូររបស់បុព្វបុរសនាទីក្រុងហេប្រោនជាកន្លែងគោរពបូជាសម្រាប់បណ្តាសាសនិកអ៊ិស្លាម និងពួកជ្វីហ្វ កងឆ្មាំព្រំដែនអីុស្រាអែលបានបាញ់ប្រហារលើនារីជំទង់ប៉ាឡេស្ទីនម្នាក់ ដែលមកក្បែរពួកគេជាមួយដៃកាន់កាំបិតមួយ ដោយគ្រហឹមពេលកងឆ្មាំព្រំដែនឱ្យបង្ហាញអត្តសញ្ញាណ ។ ក្មេងស្រីជំទង់អាយុ១៧ឆ្នាំរូបនេះ តាមសារព័ត៌មានប៉ាឡេស្ទីនថា មានឈ្មោះ DANIA IRSHAID បានស្លាប់នៅមន្ទីរពេទ្យក្រោយរងរបួសធ្ងន់ ។ ពួកប៉ាឡេស្ទីននិយាយផ្ទុយពីអីុស្រាអែលដោយអះអាងថា យុវនារីនេះពុំមានកាន់កាំបិតឡើយ ។
នៅតំបន់ស៊ីសហ្សកដានីដែរ ជនអីុស្រាអែល២នាក់ត្រូវរបួសធ្ងន់ក្នុងការវាយប្រហារដោយកាំបិតដាច់ដោយឡែកពីគ្នា២ ហើយពួកអ្នកវាយប្រហាររត់គេចខ្លួន ។
ចាប់តាំងពីថ្ងៃទី១ តុលា មក ការប៉ះទង្គិចគ្នារវាងពួកយុវជនប៉ាឡេស្ទីន និងកងទាហានអុីស្រាអែល ព្រមទាំងការវាយប្រហារគ្នាទៅវិញទៅមក រវាងពួកប៉ាឡេស្ទីន និងពួកនិគមជន ព្រមទាំងការវាយប្រហារប្រឆាំងអីុស្រាអែលមួយចំនួនដោយប្រើកាំបិត បណ្តាលឱ្យមនុស្សស្លាប់៥៤នាក់ ខាងប៉ាឡេស្ទីន ហើយខាងអីុស្រាអែលស្លាប់៨នាក់ ។
យោងតាមក្លិបអ្នកទោសប៉ាឡេស្ទីនថា ជនប៉ាឡេស្ទីនជាង១.០០០នាក់ ត្រូវអាជ្ញាធរអុីស្រាអែលចាប់ខ្លួនចាប់តាំងពីដើមខែតុលា ភាគច្រើនជាយុវជន និងយុវនារី ៕
ចែករំលែកព័តមាននេះ