ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់បាក់ជើងកាលពីរវេលាម៉ោង៩និង៣៨នាទីយប់ថ្ងៃទី២៥ តុលា ២០១៥ នៅលើកំណាត់ផ្លូវលេខ៣១៤ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
មន្ត្រីសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះឈ្មោះ ឯម ចំរើន អាយុ២១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ១B-០០៦៥ មួយគ្រឿង យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ មានរថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនដូចគ្នាបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកទៅលើថ្នល់បាក់ជើងខាងស្តាំ ក្រោយកើតហេតុ រថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។
យុវជនរងគ្រោះ ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីប្រគល់ឲ្យម្ចាស់វិញ និងបន្តចុះស្រាវជ្រាវរករថយន្តបង្កឲ្យមកទទួលខុសត្រូវតាមច្បាប់ ៕
ចែករំលែកព័តមាននេះ