ពលរដ្ឋហ្គាតេម៉ាឡា កាលពីថ្ងៃទី២៥ តុលា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៃសាធារណរដ្ឋ ។ លោក JIMMY MORALES អាយុ៤៦ឆ្នាំ ទទួលបានសំឡេងជាង៦៨%ក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២តទល់គ្នាជាមួយលោកស្រី SANDRA TORRES អតីតស្ត្រីទីមួយរបស់ប្រទេស ។ នេះជាលទ្ធផលផ្លូវការក្រោយការរាប់សន្លឹកឆ្នោតរួចរាល់៩៦,៣% ។
ជាតារាកំប្លែង និងជាតារាទូរទស្សន៍ លោក JIMMY MORALES អាយុ៤៦ឆ្នាំ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពេលបោះឆ្នោតប្រធានាធិបតីជុំទីមួយ កាលពីថ្ងៃទី៦ កញ្ញា ដោយទទួលបានសំឡេងគាំទ្រ២៣,៩៩% ទាំងលោកពុំធ្លាប់ចូលប្រឡូកក្នុងនយោបាយ ប្រឡូកតែខ្សែភាពយន្ត ។
ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត តារាកំប្លែងរូបនេះ ដែលចេះទាក់ទាញអ្នកកាសែតជាមួយវោហាសាស្ត្ររបស់លោកនោះធ្លាប់បានសន្យាថា រយៈពេល២០ឆ្នាំ ខ្ញុំតែងធ្វើឱ្យលោកអ្នកសើចសប្បាយ ហើយខ្ញុំសន្យាថា ប្រសិនបើខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំនឹងមិនធ្វើឱ្យលោកអ្នកយំឡើយ ។
គាំទ្រដោយគណបក្សស្តាំនិយម FCN-NACION លោក JIMMY MORALES ទទួលបានការគាំទ្រពីចលនាប្រជាជនប្រឆាំងអំពើពុករលួយ ព្រមទាំងពីវណ្ណៈនយោបាយជាប្រពៃណីដែលជំរុញប្រធានាធិបតី លោក OTTO PEREZ ឱ្យលាលែងចេញពីតំណែង ។ លោក OTTO PEREZ ពេលនេះត្រូវជាប់គុកពីបទជាប់ចោទដូចគ្នានឹងអតីតអនុប្រធានាធិបតីលោកស្រី ROXANA BALDETTI ថា រៀបចំបណ្តាញពុករលួយ ហើយទទួលសំណូក៨០០.០០០ដុល្លារ ៕
ចែករំលែកព័តមាននេះ