រាជធានីភ្នំពេញ ៖ រថយន្តអេសសាំយ៉ុង១គ្រឿង ត្រូវបានកម្លាំងប៉ូលិសចរាចរខណ្ឌពោធិ៍សែនជ័យឃាត់បាន នាំយកទៅធ្វើការត្រួតពិនិត្យ បន្ទាប់ពីសង្ស័យថា រថយន្តនោះមានពាក់ស្លាកលេខមិនប្រក្រតី ហើយការឃាត់នោះ ខណៈដែលរថយន្តខាងលើកំពុងដឹកមនុស្សចំនួន១០នាក់ ក្នុងនោះមានអ្នកជំងឺ២នាក់ ត្រូវនាំទៅកាន់មន្ទីរពេទ្យ បន្ទាប់មកអ្នកដំណើរ និងអ្នកជំងឺត្រូវបានដឹកតាមរថយន្តផ្សេងទៀតបន្តដំណើរទៅមុខទៀត មិនបានរង់ចាំជិះរថយន្តនេះទេ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី២៦ តុលា ២០១៥ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិតាងួនសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តអេសសាំយ៉ុង១គ្រឿងនោះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H-1886 ដែលជាកម្មសិទ្ធិរបស់បុរសឈ្មោះឡាយ ហួត អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះឡេង ស្រុន អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងក្រូច ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
ប៉ូលិសចរាចរខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា ការឃាត់រថយន្តនោះទុកបណ្ដោះអាសន្នបែបនេះ ដោយសារតែមានការសង្ស័យថារថយន្តនោះលោតឆត្រ ពាក់ស្លាកលេខមិនប្រក្រតី ហើយនៅមុនពេលកើតហេតុខណៈដែលកម្លាំងកំពុងប្រចាំការនៅគោលដៅចំណុចភ្លើងស្តុបមហាវិថីសហព័ន្ធរុស្ស៊ីកែង និងផ្លូវលេខ២០០៤នោះ បានប្រទះឃើញរថយន្តខាងលើ បើកឆ្លងកាត់ក្នុងទិសដៅពីលិចទៅកើតពោលគឺពីខេត្តកំពង់ស្ពឺចូលរាជធានីភ្នំពេញ ។
ពេលនោះមានការសង្ស័យថា រថយន្តនោះមានពាក់ស្លាកលេខមិនប្រក្រតី ក៏បានឃាត់នាំយកទៅកាន់ផ្នែកសណ្ដាប់ធ្នាប់ចរាចរខណ្ឌពោធិ៍សែនជ័យ ដើម្បីត្រួតពិនិត្យរកឯកសារពាក់ព័ន្ធផ្សេងៗ និងពិនិត្យមើលស្លាកលេខរថយន្តនោះ តើត្រឹមត្រូវ ឬមិនត្រឹមត្រូវ ប្រសិនបើត្រឹមត្រូវនឹងដោះលែងវិញ ប៉ុន្តែបើមិនត្រឹមត្រូវទេនឹងត្រូវបញ្ជូនឡើងទៅលើបន្តទៀត។
ទាក់ទិនទៅនឹងហេតុការណ៍នោះ ម្ចាស់រថយន្តឱ្យដឹងថា ខ្លួនបានទិញរថយន្តនោះពីបុរសម្នាក់នៅម្ដុំផ្សារបែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីអំឡុងខែមីនា ២០១៤ ជាង១ឆ្នាំមុន ក្នុងតម្លៃ៥៥៣០ដុល្លារ ហើយមានឯកសារគ្រប់គ្រាន់ទាំង
អស់ ។ ក្រោយពេលទិញបានរយៈពេលជាង១ឆ្នាំកន្លងមកនេះ ខ្លួនបានដឹកម៉ូយពីខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញជារៀងរាល់ថ្ងៃមិនដែលមានបញ្ហាអ្វីកើតឡើងនោះឡើយ ទើបតែពេលនេះស្រាប់តែត្រូវប៉ូលិសឃាត់ដោយសង្ស័យថា គ្មានឯកសារ និងលោតឆត្រ ទោះបីបែបណា គាត់មិនដឹងថា ឯកសារលោតឆត្របែបណានោះឡើយ ៕


ចែករំលែកព័តមាននេះ