បេក្ខជនប្រធានាធិបតីសម្រាំងនៃគណបក្សសាធារណរដ្ឋអាមeរិក លោក DONALD TRUMP ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី២៥ តុលា វាយតម្លៃថា ពិភពលោកនឹងមានស្ថេរភាពល្អប្រសើរបំផុត ប្រសិនបើអតីតជនផ្តាច់ការអុីរ៉ាក់លោកសាដាម ហ៊ូសេន និងជនផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី នៅកាន់អំណាច ។
លោក DONALD TRUMP តាមការស្ទាបស្ទង់មតិនានាថា លោកជាអ្នកមានពិន្ទុខ្ពស់ជាងគេក្នុងចំណោមបេក្ខជនសម្រាំងនៃគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាឆ្នាំ២០១៦ ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតម្នាក់នៃទូរទស្សន៍ CNN មហាសេដ្ឋីអាមេរិករូបនេះអះអាងថា មុនការផ្តួលរំលំ លោកសាដាម ហ៊ូសេន ពុំមានពួកភេរវករឡើយនៅអីុរ៉ាក់ ។ លោកសាដាម ហ៊ូសេន សម្លាប់ពួកគេចោលភ្លាមៗ បើហ៊ានចេញមុខ ។ រួចពេលនេះអីុរ៉ាក់បានក្លាយទៅជាសាកលវិទ្យាល័យដ៏ប្រសើររបស់ភេរវកម្ម ។
លោកសាដាម ហ៊ូសេន ត្រូវផ្តួលរំលំកាលពីឆ្នាំ២០០៣ ហើយលោកកាដាហ្វី ក្នុងឆ្នាំ២០១១ ដោយសារអន្តរាគមន៍យោធាដែលធ្វើឡើង ឬជួយទ្រទ្រង់ដោយសហរដ្ឋអាមេរិក ។
លោក DONALD TRUMP បន្តថា និយាយដោយត្រង់ទៅ ពេលនេះពុំមានអីុរ៉ាក់ ឬលីប៊ីទៀតឡើយ ។ ប្រទេសទាំង២នេះត្រូវផ្ទុះបែកជាអម្បែងបាត់ទៅហើយ ។ ពុំមានការត្រួតត្រាពិតប្រាកដណាមួយឡើយ ។ គ្មាននរណាដឹងច្បាស់ចំពោះអ្វីដែលកើតមានឡើយ ។
មហាសេដ្ឋីបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះយល់ថា អាមេរិកកំពុងប្រឈមមុខនឹងការវិលត្រឡប់ទៅរកសម័យកាលយុគកណ្តាលជាមួយអំពើហិង្សានៅមជ្ឈិមបូព៌ា ដែលមានសភាពខ្លាំងក្លាបំផុត ពុំធ្លាប់មានចាប់តាំងពីរាប់ពាន់ឆ្នាំមកហើយ ។ មនុស្សម្នារងគ្រោះដោយការកាត់ក្បាល ចាប់ដាក់ទ្រង់សម្លាប់ក្នុងទឹក។ល។ អាស្រ័យហេតុនេះហើយបានជាខ្ញុំចង់ពង្រឹងកងទ័ពរបស់យើង ។ យើងត្រូវការពង្រឹងកងទ័ពនាពេលនេះខ្លាំងជាងកាលពីមុនទៅទៀត ៕



ចែករំលែកព័តមាននេះ