ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសស្រុកបាទីចាប់ខ្លួនរួចបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាត់ទោសតាមច្បាប់ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពយកកាំបិតប៉័ងតោដេញកាប់ទៅលើជនរងគ្រោះកំពុងតែជិះម៉ូតូតែជនរងគ្រោះបានដឹងខ្លួនទាន់ផ្តួលម៉ូតូចោលរត់យករួចខ្លួន និងបានប្តឹងប៉ូលិសឱ្យចាប់ខ្លួនជនសង្ស័យតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ តុលា ២០១៥ នៅអធិការដ្ឋាននគរបាលស្រុកបាទី។
លោកង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះខៀវ រ៉ាយូ ហៅឆក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ចំណែកជនរងគ្រោះឈ្មោះផុន សុវណ្ណារ៉េត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី។
នៅចំពោះមុខប៉ូលិស ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកកាំបិតប៉័ងតោដេញកាប់គេពិតប្រាកដមែនដោយសារកាលពីថ្ងៃមុនជនរងគ្រោះបានបបួលរូបគេកាប់គ្នាតទល់ លុះមកដល់ថ្ងៃនេះរូបគេបានឃើញជនរងគ្រោះក៏ដេញកាប់តែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យធ្លាប់ជាប់គុក២លើករួចមកហើយ ដោយលើកទី១ជាប់គុកនៅតាកែវពីបទឆបោកម៉ូតូគេ លើកទី២ជាប់គុកនៅព្រៃ.សពីបទដឹកអាវុធខុសច្បាប់ ហើយលើកទី៣នេះយកកាំបិតដេញកាប់គេ៕
ចែករំលែកព័តមាននេះ