ខេត្តកំពង់ឆ្នាំង ៖ មនុស្សចាស់មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំមនុស្សជំនាន់ក្រោយឱ្យមានទំនាមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍន៍ ភូមិ-ឃុំ ការកសាងផ្លូវ
ថ្នល់ មន្ទីរពេទ្យ សាលារៀន ការជីកស្រះទឹក អណ្តូង ប្រឡាយ និងការដាំឈើជាដើម។ល។
លោកឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះក្នុងពីធីប្រារព្ឋទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៥ និងទិវាអន្តរជាតិស្តីពីគ្រួសារ១៥ ឧសភា ២០១៥ នៅសាលប្រជុំសាលានយោបាយខេត្ត កាលពីព្រឹកថ្ងៃទី២៦ តុលា ២០១៥ ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា ថ្វីបើការប្រារព្ឋពីធីនេះ មានការយឺតយ៉ាវបន្តិចមែន ប៉ុន្តែក៏យើងបានធ្វើដែរ ក្រោមការរៀបចំរបស់មន្ទីរសង្គមកិច្ច និងសាម៉ីក្រសួង ។ គ្រួសារគឺជាកោសិកាមួយរបស់សង្គម ដែលមានជីដូន ជីតា មាតា បីតា អាណាព្យាបាល កូនចៅ ។
ពួកគាត់បានខិតខំចិញ្ចឹមបីបាច់ អប់រំកូនចៅ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងបានបន្សល់នូវស្នាដៃ និងបទពិសោធន៍ល្អៗជាច្រើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរៀនសូត្រ និងអនុវត្តន៍តាម ។
ទាំងអស់នេះបានបង្ហាញថា មនុស្សចាស់ គឺជាប្រភពធនធានដ៏មានសារប្រយោជន៍សំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋភិបាលកម្ពុជា ។
ការប្រារព្ឋទិវាទាំង២ខាងលើ គឺទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ និងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ២០១៥ នៅពេលនេះ គឺជាការរួមចំណែកផ្សព្វផ្សាយលើកកំពស់ការយល់ដឹង តួនាទីដ៏សំខាន់របស់មនុស្សចាស់ និងអំពីតូនាទីដ៏មានសារសំខាន់នៃគ្រួសារដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅ ឱ្យក្លាយជាពលរដ្ឋល្អ កូនចៅល្អ និងធនធានមនុស្សប្រកបដោយ សមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍនប្រទេសជាតិឱ្យមានភាពរីកចំរើនលើគ្រប់វិស័យ៕







ចែករំលែកព័តមាននេះ