រាជធានីភ្នំពេញ ៖ តាមរយៈអាជ្ញាធរខណ្ឌមានជ័យ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកថវិកាដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀល ជូនដល់ស្ត្រីម្នាក់ ដែលបានឆ្លងទន្លេដោយខ្លួនឯង ដោយគ្មានក្រុមគ្រូពេទ្យជួយសម្រាល នៅក្នុងបន្ទប់ផ្ទះជួលលេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។
ស្ត្រីរូបនោះឈ្មោះ ញាណ ចាន់ស៊ីណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ។ បច្ចុប្បន្ននាងរស់នៅជាមួយសមាជិក២នាក់ផ្សេងទៀត គឺកូនស្រីអាយុទើប១០ខែ និងស្ត្រីចំណាស់ជាម្តាយបង្កើត ។ ដោយឡែកបុរសជាប្តីពុំត្រូវស្គាល់អត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថា បុរសជាប្តីកំពុងជាប់ធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែពុំដឹងថា មានមុខរបរ ឬការងារអ្វីអោយប្រាកដនោះដែរ ហើយចំពោះការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារស្ត្រីខាងលើ គឺបុរសជាប្តីជាអ្នករ៉ាប់រង ដោយតែងផ្ញើលុយមកឱ្យជាបន្តបន្ទាប់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅកាន់ស្ត្រីខាងលើ ពីចំងាយ ដោយក្នុងនោះលោកអភិបាលខណ្ឌក៏បានណែនាំអោយរូបនាង ត្រូវសម្រាកអោយបានច្រើន ត្រូវស្តាប់តែការណែនាំពីវិធានសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ដើម្បីអោយម្តាយ និងកូនស្រីមានសុខភាពល្អទាំងអស់គ្នា ។ ម្យ៉ាងវិញទៀត សូមកុំមានការគិតច្រើន ព្រោះអាជ្ញាធរតែងនៅគៀកជានិច្ចជាមួយប្រជាពលរដ្ឋដែលមានទុក្ខលំបាក ឬខ្វះខាត ពិសេសនោះគឺប្រមុខថ្នាក់ដឹកនាំកម្ពជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជានិច្ចជាកាល សម្តេចតែងនៅខ្វាយខ្វល់ជាមួយសុខទុក្ខលំបាកពលរដ្ឋរបស់សម្តេចមករហូត ពុំដែលមានប្រវត្តិរត់ចោល ឬប្រងើយកន្តើយឡើយ ។
សូមបញ្ជាក់ថា ជុំវិញករណីខាងលើ បើតាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ អោយដឹងថា ៖ ស្ត្រីមួយរូបដែលបានសម្រាលកូនខាងលើ គឺនាងពុំបានដឹងថាខ្លួនឯងមានកូនឡើយ ដោយគ្រាន់តែដឹងថា មួយរយះពេលកន្លងទៅ គឺមានអាការះតែងឈឺពោះខ្លាំងគួរសម ដោយនាងគិតថា ជាអាការៈឈឺក្រពះតែប៉ុណ្ណោះ ហើយកន្លងទៅ នាងក៏ពុំដែលទៅពិនិត្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យអំពីអាការៈឈឺពោះផងដែរ ទើបពុំដឹងថាមានកូន លុះដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែឈឺពោះខ្លាំងទ្រាំស្ទើរពុំបាន ក៏អោយស្ត្រីជាម្តាយជួយរឺតពោះ ក៏សម្រាលកូនតែម្តង ដោយសម្រាលបានកូនស្រីម្នាក់ ។
ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមមន្ត្រីអាជ្ញាធរភូមិសង្កាត់បានចុះអន្តរាគមន៍ ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកស្ត្រីខាងលើ និងទារិកាដែលទើបនឹងកើត យកទៅកាន់មណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីសម្រាកព្យាបាលជាបន្តទៀត ។
សូមបញ្ជាក់ថា ជុំវិញករណីខាងលើនេះ មហាជនទូទៅដែលបានឃើញទិដ្ឋភាពនៅបន្ទប់ជួលកំឡុងពេលស្ត្រីមួយរូបខាងលើសម្រាលកូន គឺបានធ្វើឱ្យពួកគាត់សម្តែងក្តីអាណិតអាសូរយ៉ាងក្រៃលែង ចំពោះស្ត្រីមួយរូបខាងលើ ត្រង់ថា ពេលសម្រាលកូនគ្មានប្តីនៅក្បែរ ហើយគ្មានក្រុមគ្រូពេទ្យបច្ចេកទេសជួយសម្រាលទៀត មានតែស្ត្រីជាម្តាយបង្កើតបានត្រឹមជួយរឺតពោះកូនស្រី ទាំងពុំមានជំនាញអ្វីទាំងអស់ ៕





ចែករំលែកព័តមាននេះ