ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញចេញ​ជនជាតិ​វៀតណាម​ចំនួន​18​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖  ជនជាតិ​វៀតណាម​ចំនួន​១៨​នាក់​(​ស្ដ្រី​៧​នាក់​) ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង មហាផ្ទៃ ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ក្រោយ​ពី​បាន​រក​ឃើញ​កំពុង​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុស ច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។

ការ​បណ្តេញចេញ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ តុលា នៅ​អគ្គ នាយក ដ្ឋាន​អន្តោប្រវេសន៍ ដែល​មា​នទី​តាំងនៅ​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ផេង វ​ណ្ណា អនុប្រធាន​នាយកដ្ឋាន​សុ​ើ​ប​អង្កេត​និង​អនុវត្ត​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ត្រី ផេង វ​ណ្ណា មាន​ប្រសាសន៍​ថា យោង​តាម​ការ​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​យ៉ាងណា​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​ប្រតិបត្តិ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​ស្នាក់​នៅ និង​ទីតាំង​ធ្វើការ​ងារ​របស់​ជនបរទេស​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​ទៀត​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ បាន​ធ្វើការ​បណ្តេញចេញ​នូវ​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​វៀត ណាម ​ប្រុស​-​ស្រី​ចំនួន​១៨​នាក់​(​ស្ដ្រី​៧​នាក់​) ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ។ ក្រុម​ជនជាតិ​វៀតណាម ដែល​ត្រូវ​បណ្តេញ ចេញ​ ទាំង​១៨​នាក់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​រក​ឃើញ​កំពុង​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ។​ពួក​គេ​ទាំងនេះ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង តាម​ច្រករបៀង​មួយ​ចំនួន​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​របស់​យើង ។

លោក​ឧត្តមសេនីយ៍ត្រី ផេង វ​ណ្ណា បាន​ធ្វើការ​ផ្តាំផ្ញើ​ថា ការ​ឃាត់ខ្លួន​និង​ការ​បណ្តេញចេញ​ជនបរទេស​នេះ មិនមែន​ធ្វើ​ឡើង​តែ​លើ​ជនជាតិ​វៀតណាម​ឡើយ គឺ​ធ្វើ​ឡើង​គ្រប់​ជនជាតិ​ទាំងអស់​ដែល​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រសិនបើ​បងប្អូន​ណា​មាន​បំណង​ចង់​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​បងប្អូន​ត្រូវ​តែ​បំពេញ​លិខិត​ស្នាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្រប​ទៅ​តាម​ច្បាប់​ទើបបាន ៕