រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ប្រចាំឆ្នាំ២០១៥ ដែលបានធ្វើឡើងតាំងពីថ្ងៃទី១៩ តុលា កន្លងមកនោះ គ្រោងបញ្ចប់នៅថ្ងៃទី១២ ធ្នូ ខាងមុខ នេះបើយោងតាមការឱ្យដឹងនៅក្នុងសន្និសីទកាសែតដែលបានធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៤ តុលា កន្លងមកនេះ ។ ការប្រកួតនេះ រៀបចំធ្វើឡើងដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការគាំទ្រពីក្រសួងទេសចរណ៍ផងដែរ ។
លោកជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងដើម្បីស្វែងរកជ័យលាភីចំនួន២ក្រុមតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ីឆ្នាំ២០១៦ ។ សម្រាប់កម្ពុជា នឹងត្រូវប្រកួតការពារតំណែងជើងឯករបស់ខ្លួនដែលដណ្ដើមបាននៅប្រទេសចិនក្នុងឆ្នាំ២០១៥។ លោកបានឱ្យដឹងបន្ថែមទៀតថា ការប្រកួតវគ្គជម្រុះនេះត្រូវបែងចែកជា៦តំបន់គឺ៖
តំបន់ទី១-មានខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង និងតាខ្មៅ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ តុលា ។
តំបន់ទី២-មានខេត្តរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១តុលា ។
តំបន់ទី៣-មានខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ចាម ពីថ្ងៃទី២ ដល់ថ្ងៃទី៨វិច្ឆិកា។
តំបន់ទី៤-មានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងពោធិ៍សាត់ ពីថ្ងៃទី៩ដល់ថ្ងៃទី១៤វិច្ឆិកា ។
តំបន់ទី៥-មានតែរាជធានីភ្នំពេញមួយប៉ុណ្ណោះ ពីថ្ងៃទី១៦ដល់ថ្ងៃទី២១វិច្ឆិកា និង
តំបន់ទី៦-មានខេត្តព្រះសីហនុ កំពត កោះកុង កំពង់ស្ពឺ និងតាកែវ ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ធ្នូ ។
ការប្រកួតជម្រុះទាំង៦តំបន់ខាងលើនេះ គឺចម្រាញ់យកតែ១៦ក្រុមប៉ុណ្ណោះ សម្រាប់ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធីបុណ្យសមុទ្រ ខេត្តកំពតថ្ងៃទី១១-១២ធ្នូ ដើម្បីរកក្រុមជ័យលាភី២ក្រុមតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ីនាខែមករា ឆ្នាំ២០១៦ ខាងមុខ ។
កីឡាអេឡិចត្រូនិកនេះប្រទេសកូរ៉េជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតឡើង ហើយត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអាស៊ីនៅឆ្នាំ១៩៩៩ និងមានការប្រកួតជាលើកដំបូងនៅម៉ាកាវ ។ ចំណែកកម្ពុជាដែលទើបតែបង្កើតឱ្យមានប្រភេទកីឡាមួយនេះឡើងនោះ ធ្លាប់បានទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិចំនួន៤លើករួចមកហើយ ថែមទាំងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងតំបន់អាស៊ីទៀតផង ។ ព្រោះថាការប្រកួតទាំង៤លើកកន្លងមកនេះ លើកទី១ឆ្នាំ២០១២នៅប្រទេសម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់លេខ២ ។ លើកទី២-ឆ្នាំ២០១៣ ធ្វើនៅប្រទេសថៃបានលេខ២ម្ដងទៀត និងលើកទី៣ធ្វើនៅកម្ពុជាបានលេខ២ដដែល ប៉ុន្តែនៅក្នុងឆ្នាំ២០១៥ធ្វើនៅប្រទេសចិនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដោយបានយកឈ្នះម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ។ បច្ចុប្បន្នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទិ្ធនៅក្នុងសហព័ន្ធអន្តរជាតិរួចហើយ ថែមទាំងមានការទទួលស្គាល់ពីក្រសួងអប់រំ យុជន និងកីឡាទៀតផង ៕
ចែករំលែកព័តមាននេះ