រាជធានីភ្នំពេញ៖ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡារាំ នឹងរៀបចំការប្រកួតពានរង្វាន់Reviveកីឡារាំលើកទី១ នៅថ្ងៃទី២៩ វិច្ឆិកា ខាងមុខនេះ ។
លោកស្រីញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានប្រកាសឱ្យដឹងបែបនេះនៅក្នុងសន្និសីទកាសែតដែលរៀបចំធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងមក ។ ពាក្យសុំចុះឈ្មោះចូលរួមប្រកួត ចាប់ផ្ដើមទទួលពីពេលនេះតទៅរហូតដល់ថ្ងៃទី២៥ វិចិ្ឆកា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីម៉ោង៨ព្រឹកដោយមិនមានការបង់ប្រាក់អ្វីឡើយ ។ ការប្រកួតរាំលើកទី១ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលប៊ូយ៉ង់ខ្មែរក្នុងពហុកីឡដ្ធានជាតិនេះ មិនមានក្បាច់រាំបទចម្រៀងខ្មែរទេ គឺប្រកួតក្បាច់រាំបរទេសដែលមានដូចជា Waltz Tango Viennese Waltz Slow Foxtrot និងQuickstep ឬក្បាច់រាំ Samba Cha Cha Cha Rumba Paso Double និង Jive។
លោកស្រីញ៉ែម មរកត បានឱ្យដឹងទៀតថា សហព័ន្ធរៀបចំកម្មវិធីប្រកួតរាំនេះឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងអភិវឌ្ឍកីឡារាំនៅកម្ពុជា បង្កើនឱកាសឱ្យយុវជនបង្ហាញនូវចំណេះដឹងជំនាញកីឡារាំអន្តរជាតិពិតប្រាកដ និងលើកទឹកចិត្តឱ្យយុវជនចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត សប្បាយរីករាយ និងជំនាញរាំទំនើបទាន់សម័យ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបមានប្រសាសន៍ក្នុងឱកាសនោះថា នៅស្រុកគេដែលកំពុងរីកចម្រើនគឺសុទ្ធតែលក់សំបុត្រ សូម្បីតែអ្នកចូលរួមគាំទ្រក៏តម្រូវឱ្យទិញសំបុត្រដែរ។ ប៉ុន្តែសម្រាប់ប្រទេសយើងដែលមិនទាន់រីកចម្រើន ទាំងបេក្ខជនចុះឈ្មោះចូលរួមប្រកួត ទាំងអ្នកគាំទ្រចូលទស្សនាគឺមិនតម្រូវឱ្យបង់ប្រាក់អ្វីទាំងអស់ ដូច្នេះសូមចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ ។ លោកវ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ជាលើកដំបូងនេះ គឺតម្រូវឱ្យមានការប្រកួតប្រជែងក្បាច់រាំបរទេស ប្រហែលជាឆ្នាំក្រោយ នឹងមានប្រកួតក្បាច់រាំវង់ រាំក្បាច់របស់ខ្មែរយើងផងដែរ ។ មិនតែប៉ុណ្ណោះប្រសិនជាការប្រកួតរាំនេះមានការរីកចម្រើនលោកមានគម្រោងដាក់បញ្ជូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ