ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​4​រូប​ចុះ​កុងត្រា​ផ្ដាច់មុខ​ឱ្យ​ទូរទស្សន៍​បាយ័ន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ប្រកាស​របស់​លោក​នាង ស៊ី​វត្ថា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​បានឱ្យ​ដឹង​ថា កីឡាករ​កម្ពុជា​៤​រូប​រួម​មាន​ឡៅ ស៊ី​ណាត ម៉ឺន សុភា ឡុ​ង សុវណ្ណ​ឌឿ​ន និង​វង្ស ណ​យ ដែល​ទើប​លាចាក​សិក្ខាបទ បាន​ជាប់​កុងត្រា​មិន​អាច​ឡើង​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​ណាមួយ​ទេ រហូត​គម្រប់​១២​ស​ប្ដា​ហ៍ ចាប់ពី​ពាក់​កណ្ដាលខែ​ក្រោយ ។ នោះ​គឺ​ដោយសារ​កីឡាករ​ល្បីឈ្មោះ​ទាំង​៤​រូប​ត្រូវ​ជាប់​ឈ្មោះ​ប្រកួត​ដណ្ដើម​ជើងឯក​គូ​ប៊ូ​តា​វគ្គ​៤ ។

លោក​នាង ស៊ី​វត្ថា ថ្លែង​ថា ចាប់ពី​ពេល​នេះ​តទៅ​កីឡាករ​ទាំង​៤​រូប​មិន​អាច​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ណាមួយ​ក្រៅពី​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​១​គូ​ប៊ូ​តា​វគ្គ​៤» នោះ​ទេ ដរាបណា​កម្មវិធី​មួយ​នេះ​មិន​ទាន់​បញ្ចប់​។ លោក​ថ្លែង​បញ្ជាក់​នៅ​ក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៥ តុលា នៅ​ទូរទស្សន៍ BTV បឹង​ស្នោ​ថា នេះ​ជា​ការ​ប្រដាល់​ទម្ងន់​ធ្ងន់​ដ៏​កម្រ​ដែល​ប៉ុស្ដិ៍​បាយ័ន​បាន​សម្រាំង​យក​កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​ឲ្យ​មក​ល្បង​សមត្ថភាព​តែ​ម្ដង ដើម្បី​រំលេច​ព្រឹត្តិការណ៍​ប្រដាល់​ស្វែងរក​ជើង​ខ្លាំង​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​ម្ចាស់​ជើងឯក​ក្រុមហ៊ុន​គូ​ប៊ូ​តា​វគ្គ​៤ ។ លោក​និយាយ​ថា កីឡាករ​ទាំង​៤​រូប​ជាប់​កុងត្រា​ក្រុមហ៊ុន​គូ​ប៊ូ​តា​ហើយ អ​ញ្ចឹ​ង​ពួក​គាត់​អត់​អាច​ទៅ​ប្រកួត​នៅ​កន្លែង​ណា​បាន​ទេ គឺ​សូ​ម្បី​តែ​មិន​ទាន់​ដល់​ថ្ងៃ​ប្រកួត​ក៏​ត្រូវ​ទុក​ពេល​សម្រាប់​តែ​ហ្វឹកហាត់​ដែរ ។ លោក​ថា ការ​ប្រកួត​នេះ​ចាប់​ដំណើរការ​នៅ​ដើមខែ​វិច្ឆិកា​នេះ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​ឡៅ ស៊ី​ណាត មិន​ទាន់​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ក្រុមហ៊ុន​ខា​រ៉ា​បាវ និង​កីឡាករ​វង្ស ណ​យ ទើបតែ​សឹក​ពី​បួស​ហើយ​ត្រៀមខ្លួន​មិន​ទាន់ ទើបត្រូវ​លើក​ទៅ​ថ្ងៃអាទិត្យ​ទី​១៥ វិច្ឆិកា វិញ ចាប់ពី​ម៉ោង​១​រសៀល​នៅ BTV​។ លោក​បញ្ជាក់​ថា ការ​ប្រកួត​នឹង​ធ្វើ​រៀង​រាល់​ស​ប្ដា​ហ៍​មួយគូ​ម្ដង ដោយ​កីឡាករ​ម្នាក់​ត្រូវ​ប្រកួត​វិល​ជុំ​៣​លើក​ម្នាក់ ហើយ​អ្នកមាន​ពិន្ទុ​ខ្ពស់​ជាងគេ​២​រូប​ត្រូវ​ឡើង​ទៅ​ប្រកួត​យក​ជើងឯក និង​ប្រាក់​លាន​តែ​ម្ដង ។ ព្រឹត្តិការណ៍​នេះ ជ្រើស​យក​កីឡាករ​ទាំង​៤​ដែល​សុទ្ធតែ​ល្បីឈ្មោះ និង​ជា​ជើង​ចាស់​ក្នុង​ពិភព​ប្រដាល់​ដើម្បី​លើក​ស្ទួយ​ជីវភាព​ពួក​គេ​ឲ្យ​ទទួល​បាន​ប្រាក់​ចំណូល ក្នុង​ពេល​ដែល​មាន​កីឡាករ​ស្រករ​ក្រោយ​កាន់តែ​មាន​សមត្ថភាព​រុញច្រាន ។ អ​ញ្ចឹ​ង​ហើយ​ទើប​លោក​បាន​ទាំង​អនុញ្ញាត​ឲ្យ​ឡៅ ស៊ី​ណាត ដែល​ជា​បេក្ខភាព​ត្រូវ​ទទួល​ខ្សែក្រវាត់​ជើងឯក​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ក្នុង​ពេល​ដ៏​ខ្លី ឲ្យ​មាន​លទ្ធភាព​បាន​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​ឲ្យ​គេ​ទទួល​បាន​ប្រាក់​កម្រៃ​ថែម​ទៀត ។

លោក​ឆា​លឺ​ម​ឆៃ គី​ទី​ប៊ុ​ន​តន អគ្គនាយក​ក្រុមហ៊ុន​គូ​ប៊ូ​តា បាន​ថ្លែងប្រាប់​ថា ការ​ប្រកួត​នេះ អ្នក​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​៤​ពាន់​ដុល្លារ និង​លេខ​២​បាន​២​ពាន់​ដុល្លារ ។ ក្នុង​នោះ​កីឡាករ​ដែល​ត្រូវ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក៏​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ណាស់​ដែរ ជា​ថ្នូរ​នឹង​ការ​ចុះ​កុងត្រា​មិន​ទទួល​ប្រកួត​នៅ​សង្វៀន​ប៉ុស្ដិ៍​ផ្សេង​មុន​ពេល​ការ​ប្រកួត​បាន​បញ្ចប់​។ លោក​ថា នេះ​ជា​ការ​ប្រកួត​ដែល​ក្រុមហ៊ុន​ចាប់អារម្មណ៍​ដោយសារ​តែ​វត្តមាន​កីឡាករ​ទាំង​៤ គឺ​សុទ្ធតែ​ជា​ជើង​ខ្លាំង​មាន​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន​ប្រដាល់​ដូច​គ្នា ៕