រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃ អាទិត្យទី២៥ តុលា កីឡាករផល សោភ័ណ្ឌ បានឡើងប្រកួតជាមួយកីឡាករថៃ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ នៅក្នុងការប្រកួតនោះ កីឡាករកម្ពុជាបានទទួលជ័យជម្នះក្នុងភាពចម្រូងចម្រាស ទោះបីយ៉ាងណានៅវិនាទីចុងក្រោយ គេឃើញកីឡាករថៃបានសម្រេចសុំទោសផល សោភ័ណ្ឌ និងក្រុមការងារដែលជាការទទួលស្គាល់កំហុសរបស់ខ្លួន ។
កីឡាករផល សោភ័ណ្ឌ ជើងខ្លាំងប្រចាំក្លិបតាឡីដំរីមានឫទ្ធិ ក្នុងពេលឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Yort Sek ពួកគេបានធ្វើឲ្យបែកផ្កាភ្លើងយ៉ាងខ្លាំងនៅលើសង្វៀនទាំងមូល ។ ក្នុងទឹកទី១ កីឡាករកម្ពុជាទទួលបានជោគជ័យយ៉ាងគំហុកក្នុងការវាយបំបុកទៅលើកីឡាករបង្គោលខៀវ ។ ប៉ុន្តែឈានដល់ទឹកទី២កីឡាករថៃ ក៏បានវាយសម្រុកមកលើកីឡាករកម្ពុជាយ៉ាងចាស់ដៃវិញដែរ ។ យ៉ាងណាក៏ដោយ កីឡាករផល សោភ័ណ្ឌ បានទទួលជោគជ័យក្នុងការយកប្រៀប ដោយប៊ិះនឹងវាយសន្ធាប់ធ្វើឲ្យកីឡាករថៃសន្លប់នៅលើសង្វៀននោះផង។ អញ្ចឹងហើយទើបកីឡាករថៃសម្រេចប្រើស្នៀតចាប់គ្រវាត់កីឡាករកម្ពុជាបោកទៅលើរេញ ហើយអុកថែមមួយជង្គង់ពេញទំហឹងទៅលើដើមទ្រូងក្នុងពេលកីឡាករកម្ពុជាដួលដេកនៅលើរេញទៀតផង ។ ផល សោភ័ណ្ឌ ត្រូវគេឃើញប្រកាច់ននៀលក្រោកមិនរួច បើទោះជាលោកអាជ្ញាកណ្ដាលបានព្យាយាមរាប់យឺតៗដើម្បីទុកពេលឲ្យកីឡាករកម្ពុជាអាចបន្តការប្រកួត ។ កីឡាករថៃត្រូវគេចាប់កំហុសភ្លាមៗថា បានថែមខុសបច្ចេកទេសក្នុងពេលគូប្រកួតដួលលើរេញ បណ្ដាលឲ្យកីឡាករកម្ពុជាសន្លប់ក្រោកមិនរួច ។ បើទោះជាភាគីថៃ យល់ឃើញថាកីឡាករផល សោភ័ណ្ឌ ស៊ីឡាក និងធ្វើពុតជាក្រោកមិនរួច ប៉ុន្តែក្រោយការចាក់មើលសកម្មភាពប្រកួតត្រង់នោះម្ដងហើយម្ដងទៀត គឺមួយជង្គង់របស់កីឡាករថៃពិតជាអុកសមនឹងធ្វើឲ្យកីឡាករកម្ពុជាចុករមួលប្រាកដមែន ។ ទោះជាមានភាពចម្រូងចម្រាសមុនការប្រកាសពិន្ទុ ក៏គ្រូបង្វឹកជាជនជាតិថៃបានណែនាំឲ្យកីឡាករYort Sekសុំទោសកីឡាករកម្ពុជា បន្ទាប់ពីលោកអាជ្ញាកណ្ដាលប្រកាសឲ្យផល សោភ័ណ្ឌ ឈ្នះដោយស្វ័យប្រវត្តិ ។ បន្ថែមពីនោះ គ្រូបង្វឹកជាជនជាតិថៃដដែលក៏បាននាំសិស្សចុះមកសុំទោសដល់គណៈកម្មការប្រកួតដល់ខាងក្រោមរេញផងដែរ ដោយសារតែដឹងថាការជំទាស់របស់ខ្លួនថា ផល សោភ័ណ្ឌ ស៊ីឡាក ជារឿងដែលមិនពិតហើយជារឿងដែលបណ្ដាលពីកំហុសរបស់កីឡាករ Yort Sek ប្រាកដមែន។ ការប្រកួតនេះ បើបណ្ដោយឲ្យប្រកួតបន្តទៀត ក៏ជ័យជម្នះនឹងស្ថិតនៅក្នុងដៃកីឡាករកម្ពុជាដែរ បើទោះជាកីឡាករថៃរឹងជំហរ និងកណ្ដាប់ដៃខ្លាំងមិនធម្មតាក្ដី ។
មួយគូអន្តរជាតិទៀតនៅលើសង្វៀន ទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករកម្ពុជា សេក គឹមផៃ បានបើកឆាកប្រយុទ្ធជាមួយកីឡាករថៃឈ្មោះ Yort Sing ដោយការប្រកួតនេះបានប្រើពេល៥ទឹកពេញ ។ ការប្រកួតត្រូវបញ្ចប់ដោយកីឡាករថៃគឺជាអ្នកឈ្នះពិន្ទុ ខណៈជ័យជម្នះនេះត្រូវគេមើលឃើញថាបណ្ដាលមកពីកីឡាករកម្ពុជាបាត់ជំហរនៅ២ទឹកចុងក្រោយ ដោយសារតែចុះខ្សោយកម្លាំងស៊ុហ្វ ។ ប៉ុន្តែក៏បានធ្វើឲ្យកីឡាករថៃឈ្នះទាំងត្រដាបត្រដួសណាស់ដែរ ៕




ចែករំលែកព័តមាននេះ