ខេត្តស្ទឹងត្រែង ៖ អ្នកភូមិម្នាក់រងរបួសដោយសារផ្ទុះអាវុធកែច្នៃមួយគ្រាប់ត្រូវចំស្មា ខណៈដេកក្នុងអង្រឹងនៅក្នុងព្រៃ កាលពីយប់ថ្ងៃទី២៥ តុលា ២០១៥ ស្ថិតនៅក្នុងភូមិព្រែកមាស ឃុំព្រែកមាស ស្រុកសៀមប៉ាង ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផុន ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង រងរបួសដោយសារគ្រាប់កាំភ្លើងកែច្នៃ ត្រូវអ្នកដើរឆ្លុះសត្វព្រៃបាញ់ត្រូវ ។ នៅយប់កើតហេតុ ជនរងគ្រោះបានបណ្តើរឆ្កែមួយក្បាលទៅដេញសត្វព្រៃ តែដោយសារយប់ជនរងគ្រោះក៏បានចងអង្រឹងដេកក្នុងព្រៃនោះ ដោយមានឆ្កែនៅក្រោមអង្រឹង ស្រាប់តែឮស្នូរផ្ទុះអាវុធបណ្តាលឱ្យត្រូវរបួសតែម្តង ចំណែកអ្នកបាញ់ក៏រត់គេចខ្លួនតែម្តង ។
មន្ត្រីនគរបាល បានបន្តថា ជនរងគ្រោះរងរបួសត្រូវគ្រាប់ចំស្មាខាងស្តាំផ្នែកខាងក្រោយ ត្រូវព្រានព្រៃម្នាក់ទៅឆ្លុះសត្វនៅពេលយប់ប្រទះឃើញភ្នែកឆ្កែដែលនៅក្រោមអង្រឹងជនរងគ្រោះស្មានថាជាភ្នែករបស់សត្វឈ្លូសក៏បាញ់បែរជាត្រូវអ្នកដេកក្នុងអង្រឹងទៅវិញ ។
ជុំវិញករណីខាងលើ មុនដំបូងឡើយគេគិតថា ជារឿងប៉ុនប៉ងប្រើហិង្សាដោយគ្រោងទុកជាមុន ដោយសារតែជួនពេលដែលជនរងគ្រោះនាំឆ្កែទៅព្រៃដើម្បីរកសត្វ ស្រាប់មានអ្នកភូមិម្នាក់ទៅបាញ់សត្វនៅក្បែនោះដែរ តែក្រោយមកគេបានសន្និដ្ឋានថា ជារឿងចៃដន្យមួយនឹកស្មានមិនដល់ ខណៈយប់ងងឹតនៅក្នុងព្រៃមានអ្នកចងអង្រឹងដេក នោះ ។
ជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមណ្ឌលសុខភាពនៅស្រុកសៀមប៉ាង ចំណែកព្រានព្រៃសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ៕
ចែករំលែកព័តមាននេះ