ខេត្តពោធិ៍សាត់ ៖ សង្ឃក្លែងក្លាយមួយរូបត្រូវបានសមត្ថកិច្ចចាប់ផ្សឹក និងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៥ តុលា ២០១៥ បន្ទាប់ពីប្រើប្រាស់លិខិតក្លែងបន្លំឯកសារសាធារណៈធ្វើជាមុខរបរនិមន្តបិណ្ឌបាត្រតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងឆ្លងចូលរហូតដល់ប្រទេសថៃទៀត ។ ឃាត់ខ្លួនខណៈដែលសង្ឃរូបនេះនាំមនុស្សពីរនាក់ ដែលជាអ្នកស្រុកភូមិជាមួយគ្នាទៅធ្វើឆាយាក្លែងបន្លំនៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ តុលា ២០១៥ កន្លងមកនេះ ។
លោកវរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា សង្ឃក្លែងក្លាយដែលឃាត់ខ្លួននេះឈ្មោះ កៃ អង អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្ដុកធ្លក ឃុំបាខៀវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នមានប្រពន្ធមករស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ឃាត់ខ្លួនរួមជាមួយឆាយាគណៈមហានិកាយក្លែងបន្លំចំនួន៣ច្បាប់ផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ កៃ អង បានសារភាពថា ខ្លួនពិតជាបានក្លែងខ្លួនធ្វើជាសង្ឃក្លែងក្លាយនិមន្តបិណ្ឌបាត្ររកលុយពីគ្រប់ទីកន្លែងមកផ្គត់ផ្គង់ក្រុមគ្រួសារពិតប្រាកដមែន ព្រោះមុខរបរនេះកាក់កបគ្រាន់បើដែរ ។ កៃ អង បានរៀបរាប់ថា ខ្លួនរស់នៅឯខេត្តកំពតទេ ប៉ុន្តែមានប្រពន្ធឈ្មោះ ស៊ុម ចិន្តា នៅភូមិទួលពង្រ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ តាំងពីខែមេសា ឆ្នាំ២០១៥ មកម្ល៉េះ ។ ដោយពុំមានមុខរបរអ្វីពិតប្រាកដ ខ្លួនមានគំនិតធ្វើជាសង្ឃក្លែងក្លាយដើរបិណ្ឌបាត្ររកលុយតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា និងឆ្លងចូលទៅដល់ប្រទេសថៃទៀត ។ ក្នុងមួយរយៈពេលនេះ ខ្លួនបានដើរបិណ្ឌបាត្រនៅឯប្រទេសថៃជាប់រហូត ទើបតែមកលេងប្រពន្ធបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក្មេងៗក្នុងភូមិ៣នាក់ ចង់ទៅរកស៊ីដូចខ្លួននៅឯប្រទេសថៃដែរ ប៉ុន្តែខ្លួនប្រាប់ថា បើចង់ទៅទាល់តែមានឆាយាជាសង្ឃខ្មែរជាមុនសិន។ពេលនោះពួកគេទាំង៣នាក់ បានពឹងខ្លួនឲ្យជួយធ្វើឆាយាដើម្បីទៅរកស៊ីនឹងគេដែរ ហើយឲ្យលុយខ្លួនក្នុងម្នាក់ៗ៣០ម៉ឺនរៀល ។ នៅថ្ងៃទី២១ តុលា ពេលខ្លួននាំពួកគេទាំង៣នាក់ ទៅធ្វើឆាយានៅវត្តសង្ក្រានតាព្រហ្មនៅភ្នំពេញ ក៍ត្រូវសមត្ថកិច្ចស៊ើបដឹងចាប់ផ្សឹក និងឃាត់ខ្លួនពេលនោះតែម្ដង ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី២៥ តុលា ២០១៥ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ