រាជធានីភ្នំពេញ ៖ នៅបណ្តាញទំនាក់ទំនងសង្គម ( Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី២៦ តុលានេះ មានខ្លឹមសារទំាងស្រុងថា “កាលពីល្ងាចថ្ងៃទី២៥ តុលា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស បារាំង និងនិស្សិតកម្ពុជាជាងមួយពាន់នាក់ ដែលកំពុងសិក្សានៅទីនេះ ។ សម្តេចតេជោ តែងតែគោរពស្រឡាញ់សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋខ្មែរ ទោះបីបាន ភៀសខ្លួនទៅរស់នៅទីណាក៏ដោយ ។ ទន្ទឹមនិងនោះដែរ សម្តេចតេជោ បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅប្រទេសបរាំង ។ សម្តេចតេជោ ក៏បានប្រាប់ប្អូនខ្មែរនៅបារាំងអំពីគំនិតនិងផែនការមិនស្មោះត្រង់របស់បក្សប្រឆាំងដែលមានបំណងព្យាបាទមកលើសម្តេច ។ ចំពោះមេបក្សប្រឆាំង សម រង្សី គឺត្រូវធ្វើការសូមទោសសម្តេចតេជោជាសាធារណៈចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តមកលើសម្តេចនោះ ទើបសង្ឃឹមថាទំនាក់ទំនងនយោបាយអាចឈានមករកភាពប្រក្រតីវិញបាន។
សម្តេចតេជោ ហ៊ុន សែន មានការសោកស្តាយយ៉ាងខ្លាំង ដែលបក្សប្រឆាំងតែងតែបង្កអោយមានបាតុភាពមិនល្អជាច្រើន ជាពិសេសបាតុកម្មដែលធ្វើអោយបរទេសមើលងាយខ្មែរ ធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ។ ប៉ុន្តែបាតុកម្មដែលរៀបចំឡើងដោយក្រុមជនអគតិមួយចំនួននៅទីក្រុងប៉ារីស កាលពីល្ងាចម្សិលមិញ គឺមិនមានប៉ះពាល់អ្វីដល់គម្រោងជួបជុំបងប្អូន និងនិស្សិតខ្មែរឡើយ ។ ទង្វើរបស់បក្សប្រឆាំងទោះដោយចេញមុខផ្ទាល់ ឬដោយប្រយោល រួមទាំងផលប៉ះពាល់នានាដែលនឹងកើតមានឡើង គឺបក្សប្រឆាំងខ្លួនឯងត្រូវទទួលខុសត្រូវដោយខ្លួនឯង ។ សម្តេចតេជោ មិនអាចជួយពួកគេបានតទៅទៀតឡើយ”៕







ចែករំលែកព័តមាននេះ