យោងតាមគម្រោងរបស់ធនាគារពិភពលោក (WB) ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា បរិមាណពលរដ្ឋរស់នៅក្នុងអត្រាភាពក្រីក្រខ្លាំងហួសប្រមាណនៅជុំវិញពិភពលោក គឺទំនងជាថយចុះមកនៅក្រោម១០% នៃអត្រាប្រជាពលរដ្ឋលើសាកលលោកក្នុងឆ្នាំ២០១៥ ។ កត្តានេះបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការជួយទ្រទ្រង់រយៈពេលវែងឆ្ងាយនៃការកាត់បន្ថយភាពក្រីក្រកំពុងតែមានការប្រែប្រួលកាន់តែជិតទៅនឹងទិសដៅនៃការបញ្ចប់ភាពក្រីក្រជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ២០៣០ ។
ស្ថាប័នយក្សផ្នែកផ្តល់កម្ចីមូលដ្ឋានក្រុងវ៉ាស៊ីនតោនមួយនេះ បច្ចុប្បន្នបានប្រើប្រាស់នូវការកែប្រែថ្មីនៃខ្សែបន្ទាត់ភាពក្រីក្រអន្តរជាតិក្នុងរង្វង់១,៩ដុល្លារក្នុងមួយថ្ងៃ ដែលភ្ជាប់នឹងព័ត៌មានថ្មីៗនៃភាពខុសគ្នាក្នុងជីវភាពរស់នៅតាមបណ្តាប្រទេសទាំងនោះ ខណៈកាលពីឆ្នាំ២០០៥ គឺ១,២៥ដុល្លារក្នុងមួយថ្ងៃក្នុងបណ្តាប្រទេសក្រីក្រជាងគេបំផុតនៅលើពិភពលោក ។
តាមការប្រើប្រាស់នូវខ្សែបន្ទាត់ថ្មី ក៏ដូចជាទិន្នន័យថ្នាក់ប្រទេសលើស្តង់ដារស់នៅថ្មី ធនាគារពិភពលោកបានព្យាករទុកថា ភាពក្រីក្រនៅលើពិភពលោកនឹងមានការថយចុះពីអត្រាពលរដ្ឋ៩០២លាននាក់ ស្មើនឹង១២,៨% នៃពលរដ្ឋនៅលើពិភពលោកក្នុងឆ្នាំ២០១២ មកនៅត្រឹម៧០២លាននាក់ ឬស្មើនឹង៩,៦% នៃពលរដ្ឋនៅលើពិភពលោកនាឆ្នាំនេះ ។
លោក Jim Yong Kim ប្រធានធនាគារពិភពលោក ថ្លែងថា ៖ «ការបន្តកាត់បន្ថយបានច្រើននៃភាពក្រីក្រនេះ ដោយសារតែមានអត្រាកំណើនខ្លាំងក្លានៅបណ្តាប្រទេសអភិវឌ្ឍក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ ការវិនិយោគក្នុងវិស័យអប់រំ សុខភាព និងសុវត្ថិភាពសង្គម បានជួយឲ្យអ្នកទាំងនោះងាកចេញពីភាពក្រីក្របាន» ។
ជាមួយនឹងការថយចុះនៃកំណើនសេដ្ឋកិច្ចសាកលលោកនេះ លោក Jim Yong Kim ក៏បានដាស់តឿនទៅដល់ពលរដ្ឋដែលនៅតែមានជីវភាពក្រីក្រ ងាយរងគ្រោះ ក៏ដូចជាបណ្តារដ្ឋដែលរងផលប៉ះពាល់ដោយវិវាទ ឬសង្គ្រាម ក្នុងទិសដៅលុបបំបាត់ភាពក្រីក្រហួសប្រមាណ ដែលនៅសេសសល់ក្នុងមហិច្ឆតាខ្ពស់ជាដើម ។
លោក Jim Yong Kim បន្ថែមថា ៖ «នេះជារឿងដ៏ប្រសើរបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ។ គម្រោងទាំងនោះបង្ហាញថា យើងគឺជាអ្នកដំបូងគេក្នុងប្រវត្តិសាស្ត្រមនុស្សដែលអាចលុបបំបាត់ភាពក្រីក្រខ្លាំងហួសប្រមាណបាន» ។
ម្យ៉ាងទៀត ការព្យាករថ្មីនៃការធ្លាក់ចុះនៃអត្រាភាពក្រីក្រក្នុងតួលេខទោលនេះ គួរតែផ្តល់ដល់ពួកយើងនូវកម្លាំងរុញច្រានថ្មី និងជួយពួកយើងផ្តោតកាន់តែច្បាស់លើយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង ៕
ចែករំលែកព័តមាននេះ