ប្រទេសវៀតណាម ៖ នៅក្នុងតួលេខនៃត្រីមាសទី៣ សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរវៀតណាមបង្ហាញថា តម្រូវការពីសហរដ្ឋអាមេរិកមានការកើនឡើង ហើយក៏នាំមុខគេដែរក្នុងចំណោមអ្នកទិញទំនិញជាច្រើន ពោលគឺស្មើនឹងជិត៥០% នៃចំណូលនាំចេញសរុបរបស់ឧស្សាហកម្មទាំងមូលរហូតមកទល់ពេលនេះ ។
យោងតាមស្ថិតិពីនាយកដ្ឋានពន្ធដារទូទៅរបស់វៀតណាមឱ្យដឹងថា ប្រាក់ចំណូលដែលទទួលបានពីការនាំចេញសម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំនេះសម្រេចបានជិត១៧ប៊ីលានដុល្លារហើយ ក្នុងនោះ៨,៣ប៊ីលានដុល្លារបានមកពីទីផ្សារសហរដ្ឋអាមេរិក ។
ខណៈទំហំទឹកប្រាក់នៃការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌសរុបទាំងអស់បានកើនឡើង១០% ធៀបនឹងឆ្នាំទៅ ទីផ្សារសហរដ្ឋអាមេរិកល្អជាងគេ មានកំណើន១៣,៦% មានន័យថា បណ្តាអ្នកទិញរបស់សហរដ្ឋអាមេរិក គឺជាអ្នកនាំមុខដ៏សកម្មនៃការពង្រីកខ្លួនក្នុងវិស័យនេះ ។
ចំណែកអ្នកនាំចូលធំជាងគេបំផុតទី២ និងទី៣ តាមពីក្រោយសហរដ្ឋអាមេរិកយ៉ាងប្រកៀកប្រកិតនោះគឺ ជប៉ុននាំចូល២,០៣ប៊ីលានដុល្លារ និងកូរ៉េខាងត្បូង១,៥៤ប៊ីលានដុល្លារ ។
បណ្តាអ្នកនាំចេញនៅក្នុងឧស្សាហកម្មនេះកំពុងសម្លឹងមើលលើការអនុគ្រោះពីពន្លឺនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីពេលថ្មីៗនេះ ដូចជា ការចុះហត្ថលេខា មួយរួចមកហើយជាមួយកូរ៉េក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលបានចុះហត្ថលេខាកាលពីខែឧសភា និងការចរចារយៈពេលយូរនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ។
ប្រសិនបើកិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខារួចរាល់ហើយ ការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌវៀតណាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលសម្លឹងឃើញពីការទម្លាក់តារាងតម្លៃពន្ធ១៧% ទៅ៣០% ។
គម្រោងវិស័យនេះនឹងទាញយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអឺរ៉ុប ដែលការចរចាត្រូវបានអនុម័តបញ្ចប់កាលពីខែសីហា ។ នៅពេលភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធ១២% លើសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់វៀតណាមត្រូវលើកលែងនឹងធ្វើឲ្យផលិតផលទាំងនោះកាន់តែមានការប្រកួតប្រជែងនៅលើទីផ្សារបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ