ប្រទេសម៉ាឡេស៊ី ៖ ក្នុងពេលដែលពិភពលោកមានភាពមិននឹងនរបានបង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ចស្ទុះឡើងយឺតរបស់ម៉ាឡេស៊ីនៅឆ្នាំក្រោយនោះ លោកនាយករដ្ឋមន្ត្រី Najib Abdul Razak បានជំរុញឲ្យមានការដំឡើងប្រាក់បៀវត្សអប្បបរមាខ្ពស់ជាងមុន និងបង្កើនការចែករំលែកដល់ពលរដ្ឋក្រីក្រឱ្យបានច្រើនសម្រាប់សំណើកញ្ចប់ថវិកាឆ្នាំ២០១៦ ដែលបានប្រកាសកាលពីថ្ងៃសុក្រ ។
លោក Najib Abdul Razak រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានថ្លែងថា ៖ «សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងចន្លោះពី៤,៥% និង៥,៥%ក្នុងឆ្នាំ២០១៥ ប៉ុន្តែការបោះជំហាននេះអាចមានកម្រិតយឺតនៅចន្លោះ៤% និង៥% នៅឆ្នាំ២០១៦ខាងមុខ ស្របពេលដែលលោកបង្ហាញនូវសំណើថវិកានៅវិមានរដ្ឋសភា» ។
ក្នុងអំឡុងឆ្នាំ២០១៤ កំណើន GDP របស់ម៉ាឡេស៊ី ស្ថិតក្នុងរង្វង់៦% ។
លោក Najib Abdul Razak បានថ្លែងក្នុងសេចក្តីព្រាងស្តីពីទិសដៅកំណើនទាបជាងមុនសម្រាប់ឆ្នាំ២០១៦ ថា ៖ «យើងដឹងរួចហើយថា នឹងមិនអាចបណ្តែតបណ្តោយឲ្យម៉ាឡេស៊ីរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកទៀតឡើយ ដែលរាប់ទាំងការធ្លាក់ចុះនៃតម្លៃទំនិញប្រើប្រាស់ផង ជាពិសេសប្រេងឆៅ ដូងប្រេង កៅស៊ូ ការចុះថោកនៃប្រាក់រីងហ្គីត និងកំណើនយឺតជាងមុនក្នុងបណ្តាប្រទេសធំៗដែលមានសេដ្ឋកិច្ចជឿនលឿន» ។
ជាមួយគ្នានឹងតម្លៃប្រេងឆៅធ្លាក់ចុះជាង៥០% ចាប់តាំងពីការឡើងដល់កម្រិតកំពូលកាលពីខែមិថុនាមុន ដែលស្ថិតនៅត្រឹមរង្វង់៥០ដុល្លារក្នុងមួយបារ៉ែល ការបង់ពន្ធលើវិស័យប្រេង និងឧស្ម័នចូលថវិការដ្ឋាភិបាលត្រូវបានគេព្យាករទុកថា នឹងធ្លាក់ចុះប្រមាណជា២៨% ពីអត្រា៣៦៨ប៊ីលានបាតក្នុងឆ្នាំ២០១៥ ទៅ២៦៤ប៊ីលានបាតនៅឆ្នាំក្រោយ ។ វិស័យនេះស្មើនឹងប្រមាណជា២២% នៃចំណូលសរុបរបស់រដ្ឋាភិបាល ។
ការជឿជាក់របស់អតិថិជន និងអ្នកវិនិយោគក៏បានវាយលុកដោយភាពចុះខ្សោយនៃប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីផងដែរ ដែលស្ថិតក្នុងកម្រិតទាបរយៈពេល១៧ឆ្នាំនេះ មាន៤,២រីងហ្គីត ស្មើនឹង១ដុល្លារ ។
ប៉ុន្តែលោក Najib Abdul Razak បានទាត់ចោលនូវភាពទុទិដ្ឋិនិយមលើផ្នែកសេដ្ឋកិច្ច ដោយលោកបង្ហាញថា ៖ «ជាក់ស្តែង ម៉ាឡេស៊ីពុំបានធ្វើឲ្យមានកំហុសឆ្គង ឬធ្វើឲ្យសេដ្ឋកិច្ចជាតិដួលរលំឡើយ ក្នុងនោះម៉ាឡេស៊ីបានរក្សានូវស្ថេរភាពមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ និងរក្សាភាពប្រកួតប្រជែងឲ្យនៅដដែល» ។
លោកក៏បានរិះរកនូវមូលហេតុដ៏ចម្បងនៃក្តីបារម្ភសាធារណៈលើការកើនឡើងក្នុងការចំណាយលើជីវភាពរស់នៅ ជាពិសេសបន្ទាប់ពីការណែនាំនូវពន្ធលើសេវាកម្ម និងទំនិញ៦% ក្នុងអំឡុងខែមេសា ឆ្នាំ២០១៥ ។
លោកលើកឡើងថា ៖ «ដោយសារតែការធ្លាក់ចុះនៃចំណូលពន្ធលើផ្នែកសេវាកម្ម និងទំនិញពាក់ព័ន្ធនឹងប្រេងនេះនឹងជួយគ្របដណ្តប់ដល់ចំនួនដែលខ្វះ ហើយធានាបានថាឱនភាពនៃពន្ធអាករមិនរីកធំឡើយ» ។ លោកក៏កំពុងស្នើឲ្យមានការកើនឡើងជាងឆ្នាំនេះបន្តិចប្រមាណជា២,៥% សម្រាប់ថវិកាឆ្នាំ២០១៦ ហើយថែមទាំងសម្លឹងឃើញពីឱនភាពនៅក្នុងចំនួនតិចជាង៣,២% ក្នុងឆ្នាំ២០១៥ ផងដែរ ។
ក្នុងចំណោមវិធានការទាំងឡាយដែលលោកបានប្រកាស គឺនឹងដំឡើងប្រាក់បៀវត្សអប្បបរមាថ្នាក់ជាតិ ដែលបច្ចុប្បន្នមានចំនួន៩០០រីងហ្គីត (២១១,៦១ដុល្លារ) ទៅ១០០រីងហ្គីត (២៣៥,១២ដុល្លារ) ក្នុងមួយខែនឹងចាប់ផ្តើមពីថ្ងៃទី១ កក្កដា ឆ្នាំក្រោយតទៅ ។ ចំណែកមន្ត្រីរាជការស៊ីវិលនឹងទទួលប្រាក់បៀវត្សអប្បបរមាចំនួន១.២០០រីងហ្គីត (២៨២,១៥ដុល្លារ) ។
លោកនឹងដំឡើងប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងប្រាក់វិភោជន៍ចំនួន៥,៩ប៊ីលានរីងហ្គីតផងដែរ ដែលនឹងផ្តល់គុណប្រយោជន៍ដល់ប្រជាជន៤,៧លាននាក់ និង២,៧លាននាក់ជាអ្នកនៅលីវ ។
វិធានការនានាដែលបានប្រកាសកាលពីថ្ងៃសុក្រ ដោយលោក Najib Abdul Razak បង្ហាញថា ៖ «ការអនុម័តរបស់លោកកាន់តែរំកិលចុះថែមទៀត ដោយសារតែប្រជាពលរដ្ឋមិនសប្បាយចិត្តជាមួយការដោះស្រាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល» ។
តាមរបាយការណ៍របស់សារព័ត៌មាន Singapore Straits Times នៅពីសប្តាហ៍មុន ដែលបានដកស្រង់ការស្ទាបស្ទង់ដោយឯករាជ្យរបស់មជ្ឈមណ្ឌលស្ទង់មតិមហាជន Merdeka Centre កាលពីខែសីហា បង្ហាញថា ៖ «៧៨%នៃអ្នកឆ្លើយតប គឺមិនពេញចិត្តនឹងរដ្ឋាភិបាលលើបញ្ហាមួយចំនួនដូចជា ការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃ អ្នកអត់ការងារធ្វើ ពន្ធលើសេវាកម្ម និងទំនិញដែលស្ថិតនៅលំដាប់កំពូលនៃបញ្ជីអ្នកតវ៉ា» ។
លោក Najib Abdul Razak ក៏ស្ថិតនៅក្រោមសម្ពាធនៃរឿងអាស្រូវពុករលួយផងដែរ ដោយលោកត្រូវគេចោទប្រកាន់ថា បានកិបកេងប្រាក់ជិត៧០០លានដុល្លារពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធនឹងមូលនិធិវិនិយោគរបស់រដ្ឋ ៕
ចែករំលែកព័តមាននេះ