ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អីុ​តា​លី​ប្រមាណ70 ស្វែងរក​ដៃគូ​ចែកចាយផលិតផល​នៅ​កម្ពុជា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ផលិតផល​មានគុណ​ភាព ដែល​មាន​តម្លៃ​ថ្លៃ​ៗ​នៅ​កម្ពុជា​កំពុង​មាន​ពេញ​និយម​ពី​ពលរដ្ឋ​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អីុ​តា​លី​ប្រមាណ​៧០ មក​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ស្វែងរក​ដៃគូ​តំណាង​ចែកចាយ​នៅ​កម្ពុជា ។

លោក Beatrice Bridi ប្រធាន​គ្រប់គ្រង​និង​រៀបចំ​គម្រោង Prometeo ឱ្យ​ដឹង​ថា ៖ «​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន​អីុតា​លី​នាំ​យក​ផលិត​ដូច​ជា គ្រឿង​ឧបភោគបរិភោគ គ្រឿងសម្អាង គ្រឿងសង្ហារិម គ្រឿង​បរិក្ខារ​ពេទ្យ គ្រឿង​ត្រាក់ទ័រ គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម និង​កសិកម្ម សម្ភារ​គ្រឿងសំណង់ និង​ម៉ូ​ទ័​រ​បូមទឹក​មក​ដាក់​តាំង​បង្ហាញ​នៅ​កម្ពុជា ។ ការ​ដាក់​តាំងនៅ​ពេល​នេះ គឺ​យើង​មាន​គោលបំណង​នាំ​ចូល​ផលិតផល​អីុ​តា​លី​ដែល​មានគុណ​ភាព​មក​ចែកចាយ ដាក់​លក់ និង​ស្វែងរក​ដៃគូ​តំណាង​ចែកចាយ​លក់​បន្ត​នៅ​កម្ពុជា ។ នៅ​ក្នុង​ឱកាស​ដាក់​តាំង​បង្ហាញ​ផលិតផល​ពេល​នេះ យើង​បាន​នាំ​យក​ក្រុមហ៊ុន​ចំនួន​៧០ ស្មើនឹង​៦៤​ស្តង់​មក​ដាក់​តាំង​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិព័រណ៍​ផលិតផល​​អីុតា​លី​» ។

សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា លោក Beatrice Bridi ឲ្យ​ដឹង​ថា ៖ «​ខ្ញុំ​យល់​ឃើញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ទីផ្សារសេរី​ហើយ​ការ​នាំ​ចូល​ផលិតផល​​អីុតា​លី​នៅ​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​ទេ ។ ដូច្នេះ​វា​ជា​ឱកាស​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ និង​នាំ​ចូល​ផលិតផល​ដែល​មានគុណ​ភាព​ពិត​ៗ​ពី​ប្រទេស​អីុតា​លី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​នៅ​កម្ពុជា ។ នៅ​ថ្ងៃ​អនាគត យើង​នឹង​ផ្សព្វផ្សាយ​ផលិតផល​​អីុ​តា​លី​ឲ្យ​បាន​គ្រប់​តំបន់​នៅ​អាស៊ី តាម​រយៈ​ការ​តាំងពិព័រណ៍​ផលិតផល​​អីុតា​លី​បន្ថែម​ទៀត»។

ដោយឡែក​សម្រាប់​ក្រុមហ៊ុន CBMS ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​​អីុ​តា​លី​ផ្តាច់មុខ​ពី​ក្រុមហ៊ុន IMER លោក ឡៅ សាក់ ប្រធាន​គ្រប់គ្រង​ទូទៅ ឲ្យ​ដឹង​ថា ៖ «​គោលបំណង​ដែល​ក្រុមហ៊ុន​នាំ​យក​ផលិតផល​​អីុ​តា​លី​មក​ចូលរួម​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អុ​ី​តា​លី​នា​ពេល​នេះ គឺ​ដើម្បី​អតិថិជន​កម្ពុជា​យល់​ដឹង​កាន់តែ​ច្បាស់​របស់​ផលិតផល​អីុតា​លី ហើយ​ចង់​បង្ហាញ​ថា ក្រុមហ៊ុន​យើង​មាន​ផលិតផល​គ្រប់​ប្រភេទ​ដែល​បំពេញ​តាម​តម្រូវ​របស់​ក្រុមហ៊ុន​សាងសង់​នៅ​កម្ពុជា​បាន​» ។

លោក​បន្ត​ទៀត​ថា ៖ «​នៅ​ពេល​កន្លង​មក​ផលិតផល​ដែល​ក្រុមហ៊ុន​នាំ​មក​​អីុតា​លី​នេះ​មានការ​គាំទ្រ​ច្រើន​ពី​ក្រុមហ៊ុន​សាងសង់​ធំ​ៗ​នៅ​ក្នុងស្រុក ហើយ​ឧបករណ៍​ទាំងនោះ​មាន​ដូច​ជា ម៉ាស៊ីន​បាញ់​បូក​ស៊ីម៉ង់ត៍ ដែល​ផ្តល់​នៅ​ភាព​ងាយស្រួល និង​ជំរុញ​ឲ្យ​ការ​សាងសង់​មាន​សន្ទុះ​លឿន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ទាំង​ពេលវេលា និង​កម្លាំង​ពលកម្ម​ច្រើន​ក្នុង​ការ​សាងសង់​» ។

លោក​បញ្ជាក់​ថា ៖ «​ផលិតផល​អីុតា​លី​ដែល​ក្រុមហ៊ុន​បាន​នាំ​ចូល គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​និង​មានគុណ​ភាព​ខ្ពស់ បើ​ធៀប​នឹង​ផលិតផល​មក​ពី​ប្រទេស​ផ្សេង​ទៀត តួយ៉ាង​ដូច​ជា ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់ត៍​របស់​អុ​ី​តា​លី​ដែល​ប្រើ​ម៉ូ​ទ័​រ មាន​ទម្ងន់​ស្រាល ងាយស្រួល​ក្នុង​ផ្លាស់​ប្តូរ​ទីតាំង​ខុស​ពី​ផលិតផល​ប្រទេស​ផ្សេង ។ នៅ​ថ្ងៃ​អនាគត​ផលិតផល​​អីុតា​លី​នឹង​មានការ​គាំទ្រ​ច្រើន ព្រោះ​នៅ​ពេល​ប​ច្ចុ​បុ្ប​ន្ន​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​អភិវឌ្ឍ​ច្រើន ហើយ​ក្រុមហ៊ុន​បរទេស និង​អ្នក​វិនិយោគ​ដែល​ចូល​កម្ពុជា ពួក​គាត់​ត្រូវការ​ជា​ពិសេស​នូវ​ឧបករណ៍​ដែល​មានគុណ​ភាព និង​ផ្តល់​សុវត្ថិភាព​ដល់​កម្មករ​» ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ មាន​ប្រសាសន៍​ថា ៖ «​សព្វ​ថ្ងៃនេះ​មុខម្ហូប​​អីុតា​លី​ជា​ច្រើន​កំពុង​តែ​បម្រើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធារ និង​មាន​ទាំង​ភោជនីយដ្ឋាន​បម្រើ​អាហារ​កុម្ម៉ង់​ជាដើម ។ ខ្ញុំ​មិន​ប្រាកដ​ថា ភោជនីយដ្ឋាន​នានា​មានមុខ​ម្ហូប​ថ្មី​ជាក់លាក់​នៅឡើយ ។ ពួក​គេ​គួរតែ​រក​ទិញ​សិទ្ធិ​ផ្តាច់មុខ​លើ​មុខម្ហូប​ទាំង​នោះ»។

លោក​បន្ត​ថា ៖ «​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ផ្គត់ផ្គង់​នូវ​សម្ភារ​សំណង់​សំខាន់​ៗ​ពី​ប្រទេស​ថៃ ចិន និង​វៀតណាម ។ បណ្តា​ទីផ្សារ​ទាំងនោះ​គឺ​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​មិន​ទាន់​មាន​ស្តង់ដា​ខ្ពស់​ឡើយ ចំណែក​ការ​រចនា ក៏​មិន​ទាន់សម័យ​ដូចនឹង​បណ្ដា​ប្រទេស​លោក​ខាងលិច​ដែរ​» ។

លោក​បញ្ជាក់​ផង​ដែរ​ថា ៖ «​ចំពោះ​ការ​ចាប់​ដៃគូ​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​​អីុ​តា​លី អ្នក​វិនិយោគ​កម្ពុជា​អាច​នឹង​ចាប់អារម្មណ៍​វិនិយោគ​នាំ​ចូល​ផលិតផល​​អីុតា​លី​មក​កម្ពុជា ។ វា​អាច​ក្លាយជា​ទីផ្សារ​ដែល​ជាប់​ចំណាត់ថ្នាក់​បាន​ផង​ដែរ ដោយសារ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទំនោរ​ប្រើប្រាស់​សម្ភារ ក៏​ដូច​ជា​ការ​រចនា​ពី​ប្រទេស​លោក​ខាងលិច ព្រមទាំង​មានគុណ​ភាព​គ្រាន់បើ​ផង​ដែរ​» ៕