រាជធានីភ្នំពេញ ៖ ស្រវឹងស្រាជិះម៉ូតូឆ្លងផ្លូវទៅបុកម៉ូតូមួយគ្រឿងដួលសន្លប់ស្តូកស្តឹង ចំណែកអ្នកបង្កមិនមានរងរបួសពេលសមត្ថកិច្ចចុះទៅដល់សួរនាំខឹងសមត្ថកិច្ចសួរតែរូបគាត់ ហេតុអីមិនសួរអ្នកដែលសន្លប់ផង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ តុលា តាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ម៉ូតូបង្កម៉ាកអាយខន ពណ៑លឿង ពាក់ស្លាកលេខភ្នំពេញ 1AI-0581 ជិះគ្នា៤នាក់ ប្តីប្រពន្ធ កូនស្រីតូច និងសាច់ញាតិម្នាក់ទៀត ធ្វើដំណើរតាមផ្លូវលេខ២៧១ ពីត្បូងទៅជើង ជិះនៅខាងឆ្វេងដៃឆ្លងផ្លូវទៅបុកម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-2285 ជិះពីជើងទៅត្បូងបញ្ច្រាសទិសគ្នា ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូបង្កជិះគ្នា៤នាក់ក្នុងស្ថានភាពស្រវឹងនៅខាងឆ្វេងដៃមកដល់ចំណុចកើតហេតុឆ្លងផ្លូវក៏បុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអាទិភាពបណ្តាលឲ្យដួលបោកក្បាលសន្លប់ស្តូកស្តឹង ។ ចំណែកខាងម៉ូតូបង្កស្ត្រីជាប្រពន្ធបែកក្បាលបន្តិច ក្រៅពីនេះមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅសួរនាំជន ស្រាប់តែជនបង្កបាននិយាយទាំងស្រវឹងថា ហេតុអីសួរគាត់តែម្ខាងមិនព្រមសួរអ្នកដែលសន្លប់ផង មិនតែប៉ុណ្ណោះបុរសរូបនេះបានអះអាងថា រូបគាត់ក៏ជានគរបាលក្រសួងមហាផ្ទៃមួយរូបដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រីឯម៉ូតូទាំងសងខាងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ