ខេត្តក្រចេះ ៖ សពក្មេងស្រីម្នាក់ ត្រូវបានអ្នកភូមិនិងសមត្ថកិច្ចចុះមុជរាវរក និងស្រង់ចេញពីបាតស្រះទឹកនៅខាងក្រោយភូមិ បន្ទាប់ពីក្មេងស្រីរងគ្រោះ២នាក់បងប្អូនចុះទៅមុជទឹកពេលឪពុុកម្តាយមិននៅផ្ទះ ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលគោលាប់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានស្លាប់ដោយលិចទៅបាតស្រះទឹក ដែលមានជម្រៅជ្រៅ ចំណែកឯប្អូនប្រុសត្រូវអ្នកភូមិចុះជួយស្រង់ទាន់ និងបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ក្មេងប្រុសស្រី២នាក់លង់ទឹកនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ តុលា នៅក្នុងស្រះទឹកធំមួយកន្លែងខាងក្រោយភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ។ បើតាមស្ត្រីឈ្មោះ ចាង អាន់ អាយុ៣០ឆ្នាំ ត្រូវជាម្តាយក្មេងរងគ្រោះទាំង២នាក់ប្រាប់ឱ្យដឹងថា កូនស្រីគាត់ដែលស្លាប់ឈ្មោះ ស៊ាន សុខឡារ៉ាន់ អាយុ៧ឆ្នាំ ។
នៅថ្ងៃកើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធរវល់មិននៅផ្ទះ ហើយពួកគេទាំង២នាក់បងប្អូនបាននាំគ្នាចុះទៅលេងទឹកស្រះ ក៏បណ្តាលឲ្យលង់ទាំង២នាក់ តែកូនប្រុសអាយុ៥ឆ្នាំ ត្រូវបានអ្នកភូមិជួយទាន់ ចំណែក ឯកូនស្រីបានលង់ស្លាប់ភ្លាមៗ ។
ករណីនេះត្រូវគេចាត់ទុកថា ជាការធ្វេសប្រហែសរបស់ឪពុកម្តាយ ដែលទុកបណ្តោយឲ្យកូនប្រុសស្រីតូចៗនៅផ្ទះដោយពុំមានអ្នកនៅមើលថែទាំ ៕


ចែករំលែកព័តមាននេះ