រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខយាមនៅបុរីញូវថោនឡោមព័ទ្ធចាប់បានវាយទាត់ធាក់ទ្រមខ្លួនទើបប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ ខណៈពេលដែលជនសង្ស័យខាងលើនេះធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿង ប៉ុន្តែមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី២៥ តុលា ២០១៥ នៅក្នុងបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ គឹម ចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ រីឯម៉ូតូដែលពួកគេធ្វើសកម្មភាពកាច់សោ.កនោះម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ផ្កាឈូក ស៊េរី២០១៣ ពាក់ស្លាក់លេខ ភ្នំពេញ 1CV-5409 ។ ដោយឡែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ មុំ ចរិយា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានបោសជូតសំអាតផ្ទះដែលទើបទិញនៅក្នុងបុរីញូវថោន ដែលជាកន្លែងកើតហេតុ រួចបានទុកម៉ូតូនៅខាងមុខផ្ទះដោយចាក់សោ.ក និងចាក់សោបូមម៉ូតូត្រឹមត្រូវ ។ លុះដល់ម៉ោងកើតហេតុក៏មានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខផ្ទះរួចបានដើរចូលទៅធ្វើសកម្មភាពដោយមានគ្នាគេ២នាក់ទៀតចាំមើលផ្លូវ ខណៈពេលកំពុងកាច់សោ.កបានសម្រេច ប៉ុន្តែជិះមិនកើតឡើយ ដោយនៅជាប់សោបូមមួយជាន់ទៀត តែទោះជាយ៉ាងណាជនសង្ស័យមិនបានបោះបង់ចោលឡើយ ដោយបានខំប្រឹងអូសចេញពីកន្លែងកើតហេតុ ហើយភ្លាមៗនោះក៏មានសន្តិសុខម្នាក់ដែលយាមក្បែរនោះឃើញគួរឲ្យសង្ស័យ និងសន្និដ្ឋានថាជាចោរ ក៏បានរត់ទៅចាប់ប្រតាយប្រតប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយឡោមព័ទ្ធចាប់បានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង និងខ្លះមានដំបង ខ្លះដុំថ្មផង សំពងរហូតបែកឈាមហូរពេញខ្លួនទើបទាក់ទៅសមត្ថកិច្ចប៉ូលិសនាំយកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងសង្គ្រោះមួយជំហាន រួចទើបនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវរកបក្ខពួកមកផ្តន្ទាទោសតាមច្បាប់ ៕


ចែករំលែកព័តមាននេះ