រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងភ្លើងបានរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ខណៈពេលដែលបុរសនោះតអំពូលភ្លើង ហើយភ្លាត់ស្នៀតក៏ត្រូវបានបណ្ដាញអគ្គិសនីឆក់ស្លាប់ភ្លាមៗតែម្ដង ប៉ុន្តែខាងរោងចក្រមិនអស់ចិត្តបានដឹកទៅកាន់គ្លីនិកដើម្បីសង្គ្រោះបន្ទាន់ តែត្រូវគ្រូពេទ្យប្រាប់ថាស្លាប់ហើយ ទើបដឹកសពទៅដាក់នៅវត្តពោធិ៍ចិនតុងវិញ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី២៤ តុលា ២០១៥ នៅក្នុងរោងចក្រកាត់ដេរយីហោ ហ្វុងយាន ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ហួន កឺយ ហៅ ហួន សុវណ្ណា អាយុ២៤ឆ្នាំ មុខរបរជាងភ្លើងប្រចាំរោងចក្រនោះ និងមានស្រុកកំណើតនៅខេត្តសៀមរាប ។ សាកសពត្រូវបានគេបូជាទាំងយប់យ៉ាងតក់ក្រហលបំផុត ដែលប្រភពខ្លះបាននិយាយថា ក្រុមគ្រួសារមកមិនទាំងទាន់ផង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជាងភ្លើងម្នាក់នោះបានតខ្សែភ្លើងដាក់អំពូលនៅក្នុងរោងចក្រ ខណៈនោះស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗតែម្ដង ខណៈនោះខាងតំណាងរោងចក្រសង្ស័យថាជនរថគ្រោះមិនទាន់ស្លាប់ បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះដោយមិនបានរាយការណ៍ឲ្យអាជ្ញាធរ និងសមត្ថកិច្ចបានដឹងឡើយ ។ ប៉ុន្តែពេលទៅដល់គ្រូពេទ្យប្រាប់ថាស្លាប់ហើយ ទើបដឹកសពទៅដាក់នៅវត្តពោធិ៍ចិនតុង ហើយបែកធ្លាយរឿងដល់សមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការពិនិត្យមើល បន្ទាប់មកបានបូជាសពជនរងគ្រោះទាំងយប់តែម្តង ៕


ចែករំលែកព័តមាននេះ