ខេត្តសៀមរាប ៖ ក្រុមអ្នកតាមដានការអភិរក្សធនធានធម្មជាតិ បានអះអាងថា «ផ្កាអ័រគីដេព្រៃ» អាចនឹងដាច់ពូជពីក្នុងព្រៃធម្មជាតិរបស់ខ្មែរក្នុងរយៈពេលដ៏ខ្លីខាងមុខ បើសិនជាមន្ត្រីរដ្ឋបាលព្រៃឈើ និងបរិស្ថាន នៅតែបន្តឱបដៃមើលក្រុមឈ្មួញប្រមូលទិញផ្កាប្រភេទនេះ នាំចេញទៅក្រៅប្រទេសជាបន្តទៀត ។
ការលើកទ្បើងយ៉ាងដូច្នេះ ធ្វើទ្បើងក្រោយពីមានសេចក្តីរាយការណ៍ថា ក្រុមឈ្មួញមួយចំនួនកំពុងប្រជែងគ្នាប្រមូលទិញផ្កាប្រភេទនេះ ពីតំបន់ព្រៃនៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្តសៀមរាប ដូចជាស្រុកស្វាយលើ ស្រុកជីក្រែង និងស្រុកវ៉ារិនជាដើម ដើម្បីនាំចេញទៅលក់នៅឯប្រទេសថៃ និងវៀតណាម ដែលជាផ្នែកមួយជំរុញឱ្យប្រជាពលរដ្ឋបង្ខំចិត្តនាំគ្នាយ៉ាងពពាក់ពពូនចូលព្រៃបេះផ្កាអ័រគីដេយកទៅលក់ ។
ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់ រស់នៅភូមិព្រៃល្ងៀង ដែលជាភូមិមួយទើបមានការប្រមូលផ្តុំមិនស្របច្បាប់នៅកណ្តាលព្រៃជ្រៅ ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ ជាអ្នកប្រមូលទិញផ្កាអ័រគីដេ ពីអ្នកភូមិសម្រាប់លក់បន្តទៅឱ្យឈ្មួញធំ ។ ស្ត្រីរូបនេះរៀបរាប់ថា ផ្កាប្រភេទហ្នឹងចាប់ផ្តើមមានហាងឆេងជិតមួយឆ្នាំមកហើយ គឺពីមុនឈ្មួញកុម្មង់នាំចេញទៅប្រទេសថៃ តែឥទ្បូវឈ្មួញគេនាំចេញទៅប្រទេសវៀតណាមម្តង ។
ស្ត្រីវ័យចំណាស់រូបនេះនិយាយទៀតថា ការប្រមូលទិញផ្កាអ័រគីដេនេះ គឺគាត់ទិញគិតជាគីទ្បូក្រាម ដោយក្នុង១គីទ្បូក្រាមគាត់ទិញពីប្រជាសហគមន៍តម្លៃ៤ពាន់រៀល ហើយលក់ចេញបានតម្លៃ១ម៉ឺន១ពាន់រៀល ។ កាលពីមុន គាត់ប្រមូលទិញក្នុងមួយថ្ងៃៗចាប់ពី២០ទៅ៣០គីទ្បូក្រាម តែសព្វថ្ងៃផ្កាប្រភេទនេះខ្សត់ណាស់ ទិញបានមិនដល់១០គីទ្បូក្រាមផងទេ ។
ស្ត្រីរូបនេះបន្តទៀតថា ចាប់តាំងពីផ្កាអ័រគីដេមានហាងឆេងខ្ពស់មក អ្នកភូមិនេះទាំងក្មេងទាំងចាស់ ថ្វីបើនៅកណ្តាលព្រៃតែមិនចេះដាច់ប្រាក់ចាយទេ ពោលគឺគេនាំគ្នាចូលព្រៃរកបេះផ្កាមកលក់យ៉ាងហោចណាស់ក៏បានកម្រៃក្នុងមួយថ្ងៃចាប់ពី៤ម៉ឺនរៀល និងខ្លះបានរហូត១០ម៉ឺនរៀលក៏មានដែរ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ