ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាង១០០គ្រួសារ បានសំណូមពរទៅមន្ទីរពាក់ព័ន្ធ អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល សូមជួយស្តារ និងកសាងឡើងវិញនូវផ្លូវមួយខ្សែប្រវែងជាង១.៣០០ម៉ែត្រដែលកំពុងបាត់បង់ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះពិបាកធ្វើដំណើរ ព្រោះតែផ្លូវមួយខ្យែនេះត្រូវបានគេបោះបង់ចោល គ្មានការជួសជុល និងកសាងឡើងវិញតាំងពីឆ្នាំ១៩៧៩មកម៉្លេះ ។
លោក សំ ហឿន មេភូមិទួលខ្សាច់ បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះជាផ្លូវបណ្តោយក្នុងភូមិ មានប្រវែងជាង១៣០០ម៉ែត្រ ជាផ្លូវដែលកសាងឡើងដោយជប៉ុនតាំងពីសម័យសង្គមចាស់ តែក្រោយឆ្នាំ១៩៧៩មកមិនដែលមានការកសាងឡើងវិញទេ ហើយមិនត្រឹមតែប៉ុណ្ណឹង មានអ្នករំលោភយកដីផ្លូវនេះទៅទៀត ដែលពីដើមមកផ្លូវនេះមានទទឹងជាង៨ម៉ែត្រ ប៉ុន្តែពេលនេះកន្លែងខ្លះបានរួមតូចដោយសារតែមានអ្នកបំពានកសាងរបងថ្មរំលោភយកផ្លូវនេះ អស់ជាងពាក់កណ្តាលក៏មាន ។
លោកមេភូមិបានបន្តថា បើទោះបែបនេះក្តី លោកក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយនានា ជួយផ្សាយពីសំណូមពររបស់ប្រជាពលរដ្ឋទៅមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល ដោយស្នើសុំធ្វើផ្លូវមួយខ្សែនេះឡើងវិញ តាមលទ្ធភាពជាក់ស្តែង ដែលទទឹងមានពី៥ទៅ៨ម៉ែត្រ ។ កន្លងមក ក្រោមប្រាក់មូលនិធិឃុំ បានកសាងផ្លូវក្នុងភូមិ៥ខ្សែមានប្រវែងសរុបជាង២ពាន់ម៉ែត្រដែរ តែផ្លូវមួយខ្សែនេះ ថ្នាក់លើមិនបានគិតគូរឡើយ ។
លោក សារ៉េត តំណាងប្រជាពលរដ្ឋបានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវមួយខ្សែគ្មានផ្លូវដើរទេ ខ្លះដើរកាត់ភូមិគេក៏មានដែរ ។ ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងរាជរដ្ឋាភិបាល មេត្តាជួយធ្វើផ្លូវមួយខ្សែនេះផង សព្វថ្ងៃផ្លូវនេះនៅសល់ថ្មធំៗ ជាគ្រឹះផ្លូវ ដែលកសាងដោយជប៉ុននៅឡើយ ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះ តភ្ជាប់ពីផ្លូវក្រាលកៅស៊ូ កាត់ភូមិពីលិចទៅកើតរហូតដល់ទំនប់ក្រវាត់ក្រុង មានប្រវែងជាង១៣០០ម៉ែត្រ ទទឹងប្រវែងពី៥ទៅ៨ម៉ែត្រ តាមស្ថានភាពដែលគេរំលោភយក តែប្រជាពលរដ្ឋ និងលោកមេភូមិថា សល់ប៉ុនណាសូមធ្វើប៉ុនហ្នឹងចុះ ៕


ចែករំលែកព័តមាននេះ