ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវនគរបាលចាប់បានជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នា ក្នុងស្រុកចំនួន២ គឺស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដោយដកហូតថ្នាំញៀនសរុបចំនួន១៨កញ្ចប់ ។
មន្ត្រីនគរបាលខេត្ត បានឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ តុលា ២០១៥ សមត្ថកិច្ចនគរបាលស្រុកទឹកផុស និងសមត្ថកិច្ចនគរបាលខេត្ត បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈកំពុងចែកចាយថ្នាំញៀន នៅភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស ជនសង្ស័យទាំង៣នាក់នេះ មាន ១-ឈ្មោះ ថន បូ អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅឃុំពង្រ ស្រុករលាប្អៀរ ២-ឈ្មោះ តាល់ វុទ្ឋី ហៅកំសត់ អាយុ៣០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង៣-ឈ្មោះ នាង សុន្ឋា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិទី៨ សង្កាត់ខ្សាម ដោយដកហូតថ្នាំញៀន១កញ្ចប់ ម៉ូតូ២គ្រឿង ទូរស័ព្ទ៤គ្រឿង ។
ដោយឡែក លោក មាស ស៊ីភិន អធិការនគរស្រុកកំពង់ត្រឡាច បានឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ តុលា ង២០១៥ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ចាប់បានជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្សារថ្នល់ទទឹង ក្នុងភូមិសំរោង ឃុំតាជេស មាន ១-ឈ្មោះ លាស់ សេន អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រសាថ្មី ឃុំឈូកស ២-ឈ្មោះ យូ ទាំ អាយុ៣៣ឆ្នាំ នៅភូមិអួរតានីស ឃុំឈូកស ស្រុកកំពង់ត្រឡាច និង៣-ឈ្មោះ សេន សុអ៊ី អាយុ៣២ឆ្នាំ នៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដោយដកហូតបានថ្នាំញៀន១៧កញ្ចប់តូច និងម៉ូតូ១គ្រឿង ។
ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ