ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជួញដូរថ្នាំញៀនដ៏សកម្ម២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ កាលពីថ្ងៃទី២៤ តុលា ២០១៥ ដោយរឹបអូសបានថ្នាំញៀនក្រាមពណ៌ស៤កញ្ចប់ក្នុងនោះមានធំ១កញ្ចប់ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ តុលា ២០១៥ ត្រង់ចំណុចភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រូបលោកបានចុះបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ឈ្មោះ ឡាំ ដាវីន ភេទប្រុស មុខរបរលក់គ្រឿងទេស ។ ដោយមានការឯកភាពពីលោក ហ៊ាង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឆែកឆេរផ្ទះ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌ស៣កញ្ចប់ ក្នុងនោះមានធំ១កញ្ចប់ និងបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំស្រាវជ្រាវតាមចាប់បក្ខពួកបន្ថែមទៀត ។
លោកអនុសេនីយ៍ឯក អ៊ុក ពៅ អធិការរងនគរបាលស្រុកក្រូចឆ្មារ ក៏បានប្រាប់ឲ្យដឹងដែរថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ តុលា ២០១៥ លោកអធិការនគរបាលស្រុកក្រូចឆ្មារ បានដឹកនាំកម្លាំងជាច្រើននាក់ចុះទៅចាប់មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ឈ្មោះ ខេន សេត ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិសំរោង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដោយដកហូតបានថ្នាំញៀនក្រាមពណ៌ស១កញ្ចប់តូច ។ លោកបញ្ជាក់ថា មុននឹងឈានដល់ការចាប់ខ្លួន សមត្ថកិច្ចបានប្រើវិធានញុះញង់ទិញថ្នាំញៀន១កញ្ចប់តម្លៃ២០ដុល្លារ ស្របពេលដែលប្រគល់ថ្នាំញៀនឲ្យនៅភូមិសំរោង ជនសង្ស័យនេះបានរត់ទៅពួកក្នុងឡចំហុយសន្លឹកថ្នាំជក់ ខណៈបានឃើញកម្លាំងសមត្ថកិច្ចទៅដល់ ។ ពេលនេះសមត្ថកិច្ចបានឡោមព័ទ្ធចាប់បាន និងនាំទៅឆែកឆេរផ្ទះទៀត តែមិនបានឃើញថ្នាំញៀនទេ សង្ស័យជននេះបានលាក់ទុកនៅកន្លែងណាមួយ ព្រោះក្រុមជួញដូរគ្រឿងញៀនមានល្បិចច្រើនណាស់ តែសមត្ថកិច្ចនៅតែចាប់បាន ៕




ចែករំលែកព័តមាននេះ