ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានរអ៊ូរទាំថា ហាងលក់កាហ្វេមួយកន្លែងឈ្មោះ សុខុម គន្ឋា មានទីតាំងនៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលប្អេរ ជាកន្លែងជួបជុំរបស់អ្នកញៀនល្បែងភ្នាល់ចាក់ប្រដាល់តាមទូរទស្សន៍ជារៀងរាល់ថ្ងៃថ្ងៃសៅរ៍-អាទិត្យ ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
អ្នកញៀនល្បែងភ្នាល់ចាក់ប្រដាល់មិនតិចជាង១០០នាក់ទេ ដែលបានចូលផឹកកាហ្វេភ្នាក់ចាក់ប្រដាល់ហើយបានស្រែកហ៊ោកញ្ជ្រៀវកងរំពងពេលឈ្នះ ឬពេលកីឡាករណាដួល ព្រមជាមួយនឹងសម្រែកដេញថ្លៃយ៉ាងទ្រហឹង ។ អ្នកញៀនខ្លាំងនិងសម្បូរលុយស៊ីសងគ្នាក្នុងមួយគូចាប់ពី៥០ម៉ឺនរៀល ទៅ១លានរៀល ចំណែកអ្នកមានលុយតិចតួចក៏១០ម៉ឺនរៀលដេែរ ។ ចំណែកម៉ូតូបានបញ្ឈរចោលនៅក្រៅហាងយ៉ាងត្រៀបត្រា ពេលខ្លះក៏មានបាត់បង់ផងដែរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៏នោះ គឺប៉ុស្តិ៍នគរបាលនៅចម្ងាយតែប្រមាណ១០ម៉ែត្រពីគ្នាប៉ុណ្ណោះ តែហាក់ដូចជាគ្មានចំណាត់ការបន្តិចណាសោះឡើយ ។
ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរហាងការហ្វេខាងលើ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន លោកស្នងការនគរបាលខេត្ត ពិសេស លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត សូមមេត្តាជួយពិនិត្យមើលហាងការហ្វេខាងលើនេះផង ។
សូម្បីតែមន្ត្រីរាជការខ្លះក៏ទៅចាក់ប្រដាល់នៅទីនោះដែរ ខ្លះឈ្នះចេញមកវិញសប្បាយចិត្ត ខ្លះទៀតចាញ់ចេញមកវិញមុខស្អុយប៉ែ ចង់មិនចង់បាត់ម៉ូតូទៀត គ្មានការទទួលខុសត្រូវ ព្រោះក្នុងហាងមានស្លាកសរសេរថា សូមរក្សាយាន្តជំនិះដោយខ្លួនឯង រាល់ការបាត់បង់មិនទទួលខុសត្រូវឡើយ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ឱ្យតែរបៀបនេះ តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅឯណា? ត្រង់ណាទៅពាក្យថា គ្មានល្បែងស៊ីសង គ្មានចោរកម្ម? ម្យ៉ាងវិញទៀត ហាងមួយនេះនៅមិនឆ្ងាយពីមុខសាលាខេត្តកំពង់ឆ្នាំងប៉ុន្មានទេ អ្នកធ្វើការបើសិនមិនចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់អាចស្តាប់ឮការហ៊ោកញ្ជ្រៀវនេះបាន ហេតុនេះ សូមលោកអភិបាលខេត្តមេត្តាជួយមើលផង ៕


ចែករំលែកព័តមាននេះ