ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងគ្រួសារមួយដាំបាយពេលកកក្លាយជាជ័រនៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៥ តុលា ម្ចាស់ក្រុមហ៊ុនបោះដុំអង្ករតាមដេប៉ូ និងជាតំណាងឲ្យរោងម៉ាស៊ីនកិនស្រូវមួយបានចេញមុខបកស្រាយនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត។
បុរសឈ្មោះឈុន ឈិន អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះបូ គឹមហួរ អាយុ៣៥ឆ្នាំ ជាតំណាងរោងម៉ាស៊ីនកិនស្រូវមួយ និងជាអ្នកបោះដុំអង្ករបានប្រាប់ថា អង្ករដែលគ្រួសារមួយទិញយកទៅដាំបាយប្រទះឃើញជ័រនោះធាតុពិតវាជាជ័រត្បាល់ម៉ាស៊ីនកិនស្រូវទេ មិនមែនជាថ្នាំពុល ឬវត្ថុអ្វីដែលបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះទេ។
ប្តីប្រពន្ធខាងលើបន្តថា រោងម៉ាស៊ីនខ្នាតធំៗគេមិនប្រើប្រាស់ជ័រចំណុចត្បាល់ម៉ាស៊ីនដើម្បីរឹតឲ្យអង្កល្អទេ តែម៉ាស៊ីនកិនស្រូវរបស់ឪពុកគាត់ជាម៉ាស៊ីនខ្នាតមធ្យម គឺត្រូវប្រើប្រាស់ជ័រចំណុចត្បាល់ដើម្បីឲ្យអង្ករអស់ស្រូវឬសំរ៉ូប។
ពួកគាត់បន្តថា ជាធម្មតាម៉ាស៊ីនកិនអង្ករបាន10ការុងត្រូវរឹតជ័រចំណុចត្បាល់ម្តង ប៉ុន្តែគាត់សង្ស័យថា ដោយកម្មករធ្វេសប្រហែសរឹតត្បាល់តឹងពេករហូត30ទៅ40ការុងរឹតម្តងទើបជ័រត្បាល់ដាច់ច្រើនធ្លាក់ចូលទៅក្នុងអង្ករ។
គ្រួសារខាងលើបានកាន់ដុំជ័រត្បាល់ម៉ាស៊ីនចំនួន៣ដុំ និងកំទេចជ័រដែលដាច់ក្នុងម៉ាស៊ីនយកមកបង្ហាញជាភស្តុតាង។ ថ្វីត្បិតតែរឿងរ៉ាវខាងលើមានការភ្ញាក់ផ្អើល ហើយមានការបកស្រាយ ប៉ុន្តែក៏ជាព័ត៌មានល្អមួយដើម្បីផ្សព្វផ្សាយដល់សាធារណជនបានដឹងថា បើប្រទះឃើញជ័រនៅក្នុងអង្ករ ឬក្រោយដាំបាយវាជាជ័រដាច់ពីត្បាល់ម៉ាស៊ីនកិនស្រូវមិនមែនជាថ្នាំពុល ឬជារបស់សង្ស័យដូចដែលគេនាំគ្នាបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឡើយ៕


ចែករំលែកព័តមាននេះ