ខេត្តព្រះសីហនុ ៖ លោកស្រី ឯម រ៉ានី ដែលកំពុងក្លាយជាតួឯកក្នុងរឿងសាហាយស្មន់ជាមួយលោកមេធាវី ជា ហៃ និងរឿងកូនអកត្តញ្ញូជេរប្រមាថលើម្តាយខ្លួនឯងបង្កើតនោះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចាប់ឃាត់ខ្លួនហើយកាលពីរសៀលថ្ងៃទី២៤ តុលា ២០១៥ ក្រោមបណ្តឹងដូចគ្នាចំនួន០៣នាក់ រួមមានប្តី ម្តាយ និងប្អូនស្រីអំពីបទចោទចំនួន០៣ គឺហិង្សាដោយចេតនា បទជេរប្រមាថ និងបទសាហាយស្មន់។
លោក ប៉ែន វន្នី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានបណ្តឹងក្រោមបទចោទហិង្សាដោយចេតនា បទជេរប្រមាថ និងបទសាហាយ ស្មន់អំពីប្តី ម្តាយ និងប្អូនស្រី កំលាំងជំនាញរបស់លោកបានធ្វើការស៊ើបអង្កេតប្រមែប្រមូលរាល់វត្ថុតាង និងសាក្សីយ៉ាងល្អិតល្អន់ រហូតនៅរសៀលថ្ងៃទី២៤ តុលា ២០១៥ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត កំលាំងរបស់លោកបានធ្វើការនាំខ្លួនលោកស្រី ឯម រ៉ានី ទៅកាន់សាលាដំបូងខេត្ត តែ០២បទចោទសិន គឺហិង្សាដោយចេតនា បទជេរប្រមាថដើម្បីសាកសួរពាក់ព័ន្ធទៅនឹងបទចោទទាំងនោះ ប៉ុន្តែដោយពេលវេលាមិនអំណោយផល(យប់ជ្រៅ) នៅយប់ថ្ងៃទី២៤ ដដែលនោះ លោកស្រី ឯម រ៉ានី ត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តវិញ រហូតព្រឹកថ្ងៃទី២៥ តុលា ២០១៥ លោកស្រី ឯម រ៉ានី ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងសាជាថ្មី ដើម្បីសាកសួរដោយលោកព្រះរាជអាជ្ញារង រស់ សារាំ។
រហូតមកដល់ម៉ោង១១ព្រឹកនេះ សំណុំរឿងលោកស្រី ឯម រ៉ានី ពុំទាន់បញ្ជូនដល់ដៃចៅក្រមនៅឡើយទេ ហើយក៏ពុំដឹងថា ចៅក្រមណាមួយកាន់រឿងក្តីនេះដែរ។ ប្រភពពីលោក ប៉ែន វន្នី បានបញ្ជាក់ថា ចំពោះ លោកមេធាវី ជា ហៃ ក៏ត្រូវបានលោក គង់ ប៊ុនថា និងអ៊ុំស្រី ចេង ឃាន ដែលជាម្តាយលោកស្រី ឯម រ៉ានី ប្តឹងពីបទហិង្សាដោយចេតនា និងសាហាយស្មន់ដែរ ប៉ុន្តែដោយភ័ស្តុតាង និងសាក្សីមិនទាន់គ្រប់គ្រាន់ទើបលោកមេធាវី ជា ហៃ ពុំទាន់ចាត់ការ ប៉ុន្តែសំណុំរឿងនេះលោកបានបញ្ញូនដល់តុលាការហើយផងដែរ។
សូមបញ្ចាក់ថា នៅរសៀលថ្ងៃទី២០ តុលានេះ នៅចំណុចក្រុម២ ភូមិ៤ សង្កាត់០៤ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីជម្លោះក្នុងគ្រួសាររវាងម្តាយបង្កើត ប្តី ប្អូនស្រី និងប្រពន្ធ ហើយត្រូវបានសមត្ថកិច្ចឡោមព័ទ្ធ និងបានឃាត់ខ្លួនក្រោមបណ្តឹងពីបទ សាហាយស្មន់ និងប្រើប្រាស់អំពើហឹង្សា៕




ចែករំលែកព័តមាននេះ