ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រី ៖ រុ​ស្ស៊ី​បន្ត​ការ​វាយលុក​ខាង​ការទូត​ហើយ​ស្នើ​ជួយ​ពួក​ឧទ្ទាម ASL

10 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤ តុលា បាន​បន្ត​ការ​ផ្តួចផ្តើម​គំនិត​ខាង​ការទូត​ជុំវិញ​ជម្លោះ​នៅ​ស៊ី​រី ហើយ​ប្រមុខ​ការទូត​ប្រទេស​នេះ​និយាយ​ថា ត្រៀម​ជួយ​ពួក​ឧទ្ទាម​ក្រុម​កងទ័ព​ស៊ី​រី​សេរី ASL បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ក្រុម​ត្រីភាគី គឺ​សហរដ្ឋ​អា​មេ​រិ​ក អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​តួ​ក​គី ព្រមទាំង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ជាមួយ​ប្រទេស​ហ្ស​ក​ដា​នី​មក ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី RUSSIYA-1 រដ្ឋមន្ត្រី​ការ​បរទេស លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ អះអាង​ថា រុ​ស្ស៊ី​ត្រៀម​ជួយ​ទ្រទ្រង់​ដល់​ក្រុមប្រឆាំង​ស្នេហា​ជាតិ ក្នុង​នោះ​រួម​មាន​ក្រុម ASL ពី​អាកាស​ផង​ដែរ ។

ប្រមុខ​ការទូត​រុ​ស្ស៊ី​មាន​ប្រសាសន៍​ថា ប្រការ​សំខាន់​គឺ​ខិត​ទៅ​រក​បណ្តា​មនុស្ស​ដែល​ជា​តំណាង​នៃ​បណ្តា​ក្រុម​ប្រដាប់​អាវុធ ដែល​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។

ប្រាកដ​ណាស់ ការ​ប្រកាស​នេះ​របស់​លោក​ឡាវ​រ៉ូ​វ ត្រូវ​បាន​បណ្តា​តំណាង​របស់ ASL បដិសេធ​ដោយ​ចោទ​រុ​ស្ស៊ី​ថា វាយប្រហារ​ជា​ពិសេស​លើ​បណ្តា​ក្រុម​ឧទ្ទាម​និយម​កណ្តាល តាំងពី​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន​ពី​ដំណាច់​ខែកញ្ញា​មក ។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ ថ្លែង​ថា ក្រុង​មូ​ស្គូ​នៅ​ពុំ​ទាន់​អាច​កំណត់​ដឹង​ថា តើ​ក្រុម​ណាខ្លះ​ជា​ក្រុមប្រឆាំង​និយម​កណ្តាល​នៅ​ស៊ី​រី​ឡើយ ។

លោក​ឡាវ​រ៉ូ​វ ក៏​អះអាង​ផង​ដែរ​ពី​ក្តី​សង្ឃឹមថា អាច​នាំ​បណ្តា​ភាគី​ក្នុង​ជម្លោះ​ស៊ី​រី​មក​កាន់​តុ​ចរចា​នា​ពេល​ឆាប់​ៗ​នេះ ហើយ​យល់​ថា ចាំបាច់​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សភា​នៅ​ស៊ី​រី ។ សំណើ​បែប​នេះ​ក៏​ត្រូវ​បាន​ពួក​ឧទ្ទាម​ស៊ី​រី​គាំទ្រ​ដោយ​ពួក​លោក​ខាងលិច​បដិសេធ​ដែរ ដោយ​និយាយ​ថា រុ​ស្ស៊ី​សាកល្បង​ពង្វាង​សំណើ​របស់​ប្រជាជន​ស៊ី​រី សម្រាប់​ការ​ចាកចេញ​របស់​លោក​អាសា​ដ ។

នៅ​លើ​ទីលាន​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​នៅ​បន្ត​ខណៈ​ប្រធាន​សភា​ស៊ី​រី លោក​ជី​ហា​ដ អាល់​ឡា​ហ៍​ហាម អះអាង​ថា ប្រតិបត្តិការ​រួម​រុ​ស្ស៊ី​-​ស៊ី​រី​ប្រឆាំង​ពួក​ឧទ្ទាម និង​ពួក​ជី​ហា​ដ​ចាប់ផ្តើម​ផ្តល់​លទ្ធផល​ធំ​ៗ​ហើយ ៕