រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានចាញ់បោកក្រុមចោរទម្លាក់យោងមួយក្រុមដែលបានប្រើល្បិចល្បួងដោះយកក្រវិលមាស១គូ ទម្ងន់១ជីជាថ្នូរនឹងដីខ្សាច់១ថង់ ប៉ុន្តែនៅខណៈនោះនាងបានដឹងខ្លួនថា ចាញ់បោក ជនខិលខូចនោះហើយបានពឹងឲ្យប្រជាពលរដ្ឋ និងក្រុមសន្តិសុខជួយដេញតាមទើបចាប់ខ្លួនបានម្នាក់ ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួនទៅបាត់ស្រមោល និងបាននាំយកក្រវិលមាសនោះទៅជាមួយផងដែរ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣៥នាទីព្រឹក ថ្ងៃទី២៥ តុលា ២០១៥ នៅចំណុចក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូកិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ រឿន ស្រីរត្ន័ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួនឈ្មោះ ផុន ឃីម អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិត្រគៀត ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។ រីឯបក្សពួក៣នាក់ទៀតមានប្រុសម្នាក់និងស្ត្រី២នាក់បានរត់គេចខ្លួនបាត់ស្រមោល។
ស្ត្រីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីបន្ទប់ផ្ទះជួលទៅផ្សារកាណាស៊ីធី ដើម្បីរកទិញអីវាន់ លុះពេលទៅដល់ពាក់កណ្តាលផ្លូវក៏លេចមុខជនសង្ស័យជាបុរសម្នាក់ ហើយជននោះ បានដើរចូលទៅជិត សួរនាងថាតើមានរើសបានខ្សែ.កមាសរបស់ខ្ញុំទេ?
ពេលនោះនាងបានឆ្លើយថា អត់ឃើញទេ។ បន្ទាប់ពីនិយាយរួច បានបន្តិចក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ទៀត ដើរទៅជិតនាង និងបាននិយាយទៅកាន់បុរសនោះថា បើមានគេរើសបានគេយកហើយគ្មានអ្នកណាឱ្យពូឯងទេ កុំសង្ឃឹមឲ្យសោះ។ ភ្លាមៗនោះ ស្ត្រីម្នាក់ផ្សេងទៀតបានទៅដល់ និងបានប្រាប់ថា រើសបានមាស១កញ្ចប់ដាក់ក្នុងកូនថង់ក្រណាត់ ពណ៌ក្រហម និងបានលាតឲ្យមើលថែមទៀតផង។
ប្រភពដដែលបានបន្តថា បន្ទាប់មកបានបបួលនាងទៅចែកគ្នា និងបាននាំទៅរកកន្លែងស្ងាត់ៗដើម្បីកុំឲ្យគេដឹង រួចក៏បានហៅម៉ូតូឌុបមួយគ្រឿងដែលសង្ស័យថា ជាបក្សពួកគេម្នាក់ទៀតឲ្យឌុបនាង (នារីរងគ្រោះ)ទៅកាន់ខាងក្រោយផ្សារកាណាស៊ីធី ដែលជាកន្លែងស្ងាត់។ លុះពេលទៅដល់ពួកគេបានប្រាប់ឲ្យនារីរងគ្រោះ ដោះក្រវិលពីត្រចៀកឲ្យពួកគេ ហើយប្រគល់កញ្ចប់មាសដែលអះអាងថា រើសបាននោះមកឲ្យនាងដោយ ប្រាប់ថា មិនបាច់ចែកគ្នានាំវែងឆ្ងាយយូរនោះទេ ព្រោះខ្លាចម្ចាស់គេតាមទាន់ ។
ខណៈនោះដោយសារបានឃើញពីដំបូងនៅក្នុងកញ្ចប់នោះសុទ្ធតែមាសក្រហមឆ្អៅ និងមានចំនួនច្រើនផងនោះ ទើបនាងសុខចិត្តព្រមដោះក្រវិលពីត្រចៀកប្រគល់ឲ្យក្រុមជនសង្ស័យទាំងនោះហើយយកកញ្ចប់ពណ៌ក្រហមនោះ។
ក្រោយពេលបានក្រវិលដល់ដៃ ជនសង្ស័យ៣នាក់បានឡើងជិះម៉ូតូចេញទៅបាត់ដោយប្រាប់នាងថា ពួកគេសុំទៅមុនហើយ និងបានឲ្យនាងជិះម៉ូតូដែលឌុបនាងនោះតាមក្រោយ ហើយខណៈនោះម៉ូតូដែលរូបនាងជិះជាមួយបានបើកយឺតៗ ដោយមានការសង្ស័យនាងបានលាតកញ្ចប់ពណ៌ក្រហមនោះមើលម្ដងទៀត ទើបដឹងថា ចាញ់បោកជនទាំងនោះ ហើយនាងបានប្រាប់ទៅជនសង្ស័យថា ពូជិះឲ្យលឿនបន្តិចទៅតាមឲ្យទាន់ម៉ូតូរបស់ជន៣នាក់នោះ ខ្ញុំចាញ់បោកគេហើយ។ ប៉ុន្តែពេលនោះ ជនសង្ស័យបានប្រាប់ថា ម៉ូតូខ្ញុំចាស់ហើយជិះមិនបានលឿននោះទេ។ លុះពេលទៅដល់ចំណុចមុខរោងចក្រមួយ ជនសង្ស័យបានឲ្យនាងចុះពីលើម៉ូតូសិនទៅចាំគេជាអ្នកដេញតាមជនទាំង៣នាក់នោះឲ្យ។
ប្រភពដដែលបានបន្តថា ពេលជនសង្ស័យចាកចេញទៅ នាងបានពឹងឲ្យសន្តិសុខ និងប្រជាពលរដ្ឋម្នាក់ជិះម៉ូតូដេញតាមពីក្រោយ ហើយប្រទះឃើញជនសង្ស័យដែលឌុបនាងនៅម្តុំផ្សាររកាណាស៊ីធី ក៏ដេញចាប់បានតែម្តង។ បន្ទាប់មកបាននាំយកទៅប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ និងតាមរកបក្សពួកបន្ថែមទៀត៕




ចែករំលែកព័តមាននេះ