រាជធានីភ្នំពេញ ៖ ប្រតិភូកីឡាប៉េតង់ចំនួន៦រូបបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ តុលា ទៅចូលរួមប្រកួតជ្រើសរើសជើងឯកលំដាប់ថ្នាក់ពិភពលោក នៅប្រទេសថៃ ។
លោកសូម៉ៃ សុខគា ប្រធានប្រតិភូដឹកនាំអត្តពលិកជម្រើសជាតិយុវជនទៅចូលរួមប្រកួតលើកនេះបានឱ្យដឹងថា នេះគឺជាលើកទី១ហើយដែលក្រុមអត្តពលិកជម្រើសជាតិយុវជនកម្ពុជាមានឱកាសបានទៅប្រកួតជ្រើសរើសជើងឯកកម្រិតពិភពលោកដែលដឹកនាំដោយរូបលោកផ្ទាល់ និងគ្រូបង្វឹកគឺលោកអ៊ុក យ៉ារី ។ ចំណែកអត្តពលិក៤រូបទៀត មានកីឡាករមួងទិត្យ ម៉ាណែត, ផាន់ ហាស់សិទ្ធទេវរាជ, ទីវ រដ្ឋា និងកីឡាការិនីស្រៀង សុរ៉ានីម ។
ទីកន្លែងប្រកួតធ្វើនៅទីក្រុងបាងកក ប្រទេសថៃមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣វិច្ឆិកា ដោយមាន២៨ប្រទេសចូលរួម ។ សម្រាប់វិញ្ញាសាប្រកួតមាន៣នាក់ទល់នឹង៣នាក់ និងប្រកួតវាយយកពិន្ទុម្នាក់ទល់នឹងម្នាក់ ។ សម្រាប់ការប្រកួតលើកនេះលោកមានជំនឿចិត្តយ៉ាងខ្លាំងទៅលើកីឡាករ-កីឡាការិនីកម្ពុជាយើង ព្រោះពួកគេមានភាពអំណត់ព្យាយាមតស៊ូក្នុងការហ្វឹកហាត់បំផុត ថែមទាំងមានបច្ចេកទេសប្រកួតខ្ពស់ គ្រាន់តែកន្លងមកពួកគេមិនធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសប៉ុណ្ណោះ ។
នៅថ្ងៃទី២៩ តុលា កីឡាការិនី៤រូបទៀត ក្នុងនោះមានកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកក៏នឹងធ្វើដំណើរទៅចូលរួមប្រកួតការពារតំណែងជើងឯករបស់ខ្លួនជាមួយកីឡាការិនីអ៊ុន ស្រីយ៉ា អ៊ុំ ចន្ទ្រា និងអ៊ុក ស្រីមុំ។ កីឡាការិនីទាំង៤រូបនេះ ប្រកួតលើវិញ្ញាសា២នាក់ទល់នឹង២នាក់យកពិន្ទុ និង៣នាក់ទល់នឹង៣នាក់។ សម្រាប់កីឡាការិនី កែ ឡេង លោកសូម៉ៃ សុខគា ប្រធានប្រតិភូដឹកនាំអត្តពលិកកីឡាប៉េតង់កម្ពុជា មិនហ៊ានធានាថា នឹងអាចការពារតំណែងម្ចាស់មេដាយមាសបាន ឬអត់នោះទេ ប៉ុន្តែលោកមានជំនឿចិត្តច្រើនព្រោះថាកីឡាការិនីរូបនេះមានបទពិសោធន៍ប្រកួតជាច្រើនឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ